ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា, ទីម័រឡេស្តេ ចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រោះកម្ពុជា ជាប្រទេសគំរូល្អមួយក្នុងតំបន់ និងអន្តរជាតិ


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការស្វាគមន៍ ចំពោះលោកឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

ទន្ទឹមនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានអបអរសាទរចំពោះប្រទេសទីម័រឡេស្តេ ដែលនឹងត្រូវបានថ្នាក់ដឹកនាំអាស៊ាន ឯកភាពបញ្ចូលជាសមាជិកអាស៊ានពេញសិទ្ធិទី១១ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ ដែលនឹងប្រព្រឹត្តនៅខែតុលា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ឆាប់ៗពេលខាងមុខ។

លោក អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស បានលើកឡើងថា រដ្ឋាភិបាលទីម័រឡេស្តេ មានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា និងឈានទៅដល់ការចុះ MoU លើវិស័យសំខាន់ៗជាមួយគ្នា ពីព្រោះកម្ពុជា ជាប្រទេសគំរូល្អមួយក្នុងតំបន់ និងអន្តរជាតិ ដែលតែងតែបានគាំទ្រទីម័រឡេស្តេ ក្លាយសមាជិកអាស៊ានពេញសិទ្ធិ។

លោកបន្ដថា ម្យ៉ាងវិញទៀត ប្រទេសទាំងពីរ គឺមានប្រវត្តិសាស្ត្រស្រដៀងគ្នា និងមានគោលបំណងចង់ក្លាយជាប្រទេស មានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ដូចគ្នា ហេតុនេះហើយ ទីម័រចង់សិក្សាអំពីបទពិសោធន៍ល្អៗ របស់ប្រទេសកម្ពុជា។

ភាគីទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ជូនប្រជាជននៃប្រទេសទាំងពីរ៕