រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំសម្ភារៈបរិក្ខារពេទ្យចាំបាច់ ប្រគល់ជូនមូលដ្ឋានសុខាភិបាលតាមបណ្តាយព្រំដែនកម្ពុជា-ថៃ


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសុខាភិបាល ចុះមកពិនិត្យស្ថានភាពជាក់ស្តែងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៅតាមណ្តាយព្រំដែនកម្ពុជា-ថៃ។

ក្នុងឳកាសនោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានប្រគល់សម្ភារៈបរិក្ខារពេទ្យជូនដល់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។បន្ទាប់មកបានចុះពិនិត្យពីដំណើរការការងារជាប្រចាំថ្ងៃរបស់មន្ត្រីបុគ្កលិកតាមផ្នែកនិមួយៗ ក្នុងបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះឯកឧត្តមសាស្ត្រាចរ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន័ណែនាំមួយចំនួនដល់មន្ត្រីបុគ្គលិក ដើម្បីពង្រឹង និងពង្រីកសមត្ថភាពកាន់ជាទីទុក្ខចិត្តដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ និងឈានទៅក្នុងការតៀមលក្ខណៈជាស្រេច ដើម្បីឆ្លើយតបនឹងការបម្រើសុខភាពជូនប្រជាពលរដ្ឋ ពិសេសកងទ័ពតាមបណ្តាយព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានោះឯកឧត្តមសាស្ត្រាចារ្យក៏បានសំណេះសំណាលសួរសុខទុក្ខ ដល់អ្នកជំងឹ និងគ្រួសារអ្នកជំងឺ និងថ្លែងអរគុណដល់មន្ត្រីបុគ្គលិក ដែលខិតខំប្រឹងប្រែងក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ពិសេសក្នុងគ្រាដែលមានបញ្ហាព្រំដែនកម្ពុជា-ថៃ។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើនេះ ឯកឧត្តមសាស្ត្រាចារ្យ និងប្រតិភូសុខាភិបាល ក៏បានបន្តដំណើរចុះទៅពិនិត្យស្វែងយល់ពីស្ថាពការណ៍ និងប្រគល់សម្ភារៈបរិក្ខារពេទ្យ ដល់មណ្ឌលសុខាភិបាលចំនួន២បន្ថែមទៀត នៅមណ្ឌលសុខភាព ស្រអែម និងមណ្ឌលសុខភាព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា និងក្រុមការងារសុខាភិបាល ក៏បានចុះពិនិត្យតាមជំនាញ អំពីហេដ្ឋារចនាសម្ព័ន្ធ កិច្ចការបម្រើសេវាមានដូចជា៖ ផ្នែកផ្តល់ថ្នាំបង្ការ ពិនិត្យជំងឺក្រៅ ជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ផ្នែកមន្ទីរពិសោធន៍ និងឃ្លាំងឱសថជាដើម។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំងពីរ ដែលកំពុងខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ លើការបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ នៅតាមមូលដ្ឋានខេត្តជាប់និងព្រំដែន។

បន្ថែមពីនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំង២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែម លើចំណេះជំនាញ រួមទាំងចំណេះដឹកនាំដែលសិក្សារៀនសូត្ររាល់ថ្ងៃអង្គារនៃសប្តាហ៍នីមួយៗ នេះសំដៅលើកកម្ពស់សុខុមាលភាពប្រជាជនតាមព្រំដែន និងអាចដោះស្រាយបានលើគ្រប់បញ្ហាប្រឈម ខណៈដែលមណ្ឌលសុខភាព ទាំង២ខាងលើ ជាចំនុចយុទ្ធសាស្រ្តមួយ គឺជាទីតាំងមូលដ្ឋានសុខាភិបាលជួរមុខ ជិតនិងកៀកព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបការចុះពិនិត្យស្ថានភាពជាក់ស្តែង និងនាំយកនូវសម្ភារៈបរិក្ខារពេទ្យប្រគល់ជូនមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ២ខាងលើនេះ ក្នុងឳកាសលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដឹកនាំប្រតិភូសុខាភិបាល ចុះមកសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ មកស្នាក់បណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ និងបន្តចុះសំណេះសំណាល និងផ្តល់សម្ភារៈបរិក្ខារពេទ្យបន្ថែមដល់មន្ត្រីបុគ្គលិកសុខាភិបាលនៅស្តង់សុខភាព ក្នុងតំបន់ជម្លៀកនេះ ដើម្បីងាយស្រួលក្នុងការឆ្លើយតបបន្ថែមភ្លាមៗលើបញ្ហាសុខភាពជូនប្រជាពលរដ្ឋ។

បេសកកម្មនេះមានរយៈពេល២ថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលបានចុះទៅមន្ទីរពេទ្យបង្អែកសរុបចំនួន២ និងមណ្ឌលសុខភាពចំនួន៣ លើទឹកដីខេត្តព្រះវិហារ៕