ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមគណបក្សប្រជាជនកម្ពុជា ចំនួន ១៥ រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ


កាលពីល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា សិក្ខាកាមគណបក្សប្រជាជនកម្ពុជា ចំនួន ១៥ រូប ដែលនឹងចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង នៃប្រទេសកម្ពុជា-ឡាវ-វៀតណាម នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានចូលរួមកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងការបរទេស ដោយមានការចូលរួមពីលោកជំទាវ ខា ឡេង សមាជិការគណៈកម្មាធិការកណ្តាល និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំសិក្ខាកាម គណបក្សប្រជាជនកម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល កាលពីឆ្នាំ២០២៤ នៅកម្ពុជា។

 

នៅក្នុងកិច្ចប្រជុំ ឯកឧត្តម សួស យ៉ារ៉ា បានលើកពីសភាពការណ៍នយោបាយជាតិ តំបន់ និងអន្តរជាតិ និងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យរវាងកម្ពុជា វៀតណាម និងឡាវ។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ណែនាំ ដើម្បីជាធាតុចូលសម្រាប់ការត្រឹះរិះពិចារណា ដល់សិក្ខាកាម ក្នុងការចែករំលែកបទពិសោធន៍នៃការដឹកនាំខេត្ត ស្រុក ក្រុង ជូនអង្គសិក្ខាសាលា ដែលមានការចូលរួមដោយសិក្ខាកាមមកពីបក្សកុម្មុយនីស្តវៀតណាមចំនួន ១៥ រូប និងសិក្ខាកាម មកពីបក្សប្រជាជនបដិវត្តន៍ឡាវ ចំនួន ២០ រូប។

 

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឡាវ ជាវគ្គបណ្តុះបណ្តាលលើកទី៣ ហើយ ដែលលើកទី១ រៀបចំឡើងនៅប្រទេសវៀតណាម នៅឆ្នាំ២០២៣ និងលើកទី២ នៅប្រទេសកម្ពុជា នៅឆ្នាំ២០២៤៕