ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត របស់ខេត្តរតនគិរី ក្នុងឆ្នាំ២០២៥ នេះ


ខេត្តរតនគិរី៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត របស់ខេត្តរតនគិរី ក្នុងឆ្នាំ២០២៥ នេះ ដើម្បីជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង (Green Season)។

ក្នុងព្រឹត្តិការណ៍ដ៏ថ្មី ប្លែក និងទាក់ទាញនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត តំណាងឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងប្រតិបត្តិករទេសចរណ៍ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងលោកយាយ លោកតា អ៊ំ ពូ មីង ប្អូនៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីដ៏អធិកអធមនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្សលើកទី១នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ពិតជាមានលក្ខណៈពិសេសដោយឡែកមួយ ដែលបានបង្ហាញអំពីអត្តសញ្ញាណរបស់ខេត្តរតនគិរី គឺសម្លចាណាងរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានតាំងពីយូរលង់ណាស់មកហើយ និងមានឱជារសឈ្ងុយឆ្ងាញ់ ព្រមទាំងផ្តល់នូវសុខភាពល្អ ពិសេសបានជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។

សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍ “សម្លចាណាងឆ្នាំងយក្ស” លើកទី១ ឆ្នាំ២០២៥ បានប្រារព្ធរយៈពេល ២ថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕