ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រគល់ថ្នាំពេទ្យ និងបរិក្ខារពេទ្យដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពក្នុងខណ្ឌជ្រោយចង្វារ


នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ដដែល ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អនុប្រធានក្រុមការងារគណ​បក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាអនុប្រធានគណបក្សចុះ​មូលដ្ឋានខណ្ឌជ្រោយចង្វារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញប្រគល់ថ្នាំពេទ្យ និងបរិក្ខារពេទ្យ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈមូល​និធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ជូនដល់មណ្ឌល​សុខភាពជ្រោយចង្វារ មណ្ឌលសុខភាពកោះដាច់ និងប៉ុស្តិ៍​សុខភាពបាក់ខែង នៃខណ្ឌជ្រោយចង្វារ ដើម្បីរួមចំណែកលើក​កម្ពស់ការផ្តល់សេវាសុខាភិបាលនៅក្នុងខណ្ឌជ្រោយចង្វារ។

ឆ្លៀតឱកាសនោះ ឯកឧត្តម ឡាយ សំកុល បានពាំនាំ​នូវ​បណ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមការងារ និងបងប្អូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅខណ្ឌជ្រោយចង្វារផងដែរ។

អំណោយទាំងនោះ មានថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនានា ចំនួន១៨មុខ និងបរិក្ខារពេទ្យមួយចំនួន សរុបមានចំនួន ៦៧៣ កេស៕