ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាសម្រាប់វត្តទាំង៥២ នៅទូទាំងស្រុករមាសហែក ខេត្តស្វាយរៀង ព្រមទាំងបានជូនបច្ច័យដល់តាជី ដូនជីចំនួនជាង ១០០នាក់ នៅវត្តចន្រ្តី។
ក្នុងពិធីប្រកបដោយសទ្ធាជ្រះថ្លានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបូជាទៀនធូបផ្កាភ្ញីដល់ព្រះរតនត្រ័យជាទីគោរពសក្ការៈ ហើយក៏សូមឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ញាតកាដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន មានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមនាយខុទ្ទកាល័យ លោកនាយករងខុទ្ទកាល័យ លោកអភិបាល អភិបាលរង ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង៕