ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានចាត់ទុក វេទិការសន្ទនារវាង រដ្ឋបាលខេត្ត ជាមួយអង្គការក្រៅរដ្ឋាភិបាល នឹងសមាគម សហជីព គឺដើម្បីបានដឹងពីបញ្ហាប្រឈមនានា និងសំណូមពរផ្សេងៗ ដែលកំពុងជួបប្រទះបញ្ហាដើម្បីស្នើឱ្យ អាជ្ញាធរមានសម្ថតកិច្ច ជួយដោះស្រាយរាល់កង្វល់ទាំងអស់នោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញក្នុងវេទិកាពិគ្រោះយោបល់ស្ដីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តតាកែវនិងសមាគម អង្គការសង្គមស៊ីវិលដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តតាកែវ នៅសាលប្រជុំរដ្ឋបាលខេត្ត នាថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តធ្វើកិច្ចសហការជាមួយបណ្ដាអង្គការសង្គមស៊ីវិល សមាគម សហជីព និងវិស័យឯកជននានា ក្នុងគោលបំណង រួមគ្នាកំណត់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល ដើម្បីដាក់បញ្ជូលក្នុងអាទិភាព របស់កម្ពុជា និងសម្រាប់ធ្វើសមាហរណកម្មទៅក្នុងផែនការជាតិ។
ឯកឧត្តម អភិបាលខេត្តតាកែវ បានបន្ដថា អង្គការសង្គមស៊ីវិល និងវិស័យឯកជននានាគឺជាដៃគូរដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើន និងជាតួរអង្គដ៏ចាំបាច់នៅមូលដ្ឋាន ដែលមានតួនាទីជួយសម្របសម្រួលរាល់បញ្ហាផ្សេងៗកើតឡើងក្នុងសហគមន៍ ដែលអាចសម្របសម្រួលបាន ហើយរាល់សំណូមពរឬការលើកឡើងរបស់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល សមាគម និងសហជីពដែលពាក់ព័ន្ធទាំងអស់ ស្នើរបន្តមកកាន់អាជ្ញាធរខេត្ត ក្រុង -ស្រុក ជួយដោះស្រាយ ក្នុងន័យសំដៅលើក ស្ទួយសិទ្ធិសេរីភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានសំណូមពរឱ្យអង្គការក្រៅរដ្ឋាភិបាល សមាគម សហជីព និងសហគមន៍ដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវទាំងអស់ ត្រូវតែបន្តពង្រឹង និងពង្រីកកិច្ចសហការគ្នា ឱ្យបានល្អបន្ថែមទៀតជាមួយជាមួយអាជ្ញាធរដែនដី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ពិសេសមិនត្រូវជឿតាមការញ៉ុះញ៉ុងរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសឡើយ ពោលជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសជាតិ និងមូលដ្ឋានរបស់យើងមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមានសុខដុមរម្យនីយ៍កម្ម និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់៕



