ឯកឧត្តម ប៉ែន បូណា សម្តែងការដឹងគុណចំពោះវីរៈកងទ័ព ដែលបានប្តូរផ្តាច់ការពារទឹកដី និងអរគុណពលរដ្ឋនៅគ្រប់ទិសទី ដែលបានបង្ហាញប្រាប់ពិភពលោកអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា


(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពថ្ងៃទី៥ នៃការឈ្លានពានកងទ័ពថៃមកលើទឹកដីកម្ពុជា, ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរៈកងទ័ពដែលបានប្តូរផ្តាច់ការពារទឹកដី និងអរគុណពលរដ្ឋទាំងអស់នៅគ្រប់ទិសទី ដែលបានបង្ហាញប្រាប់ពិភពលោកអំពីការឈ្លានពានរបស់ថៃ។ ពេលនេះសំឡេងពលរដ្ឋខ្មែរកំពុងលាន់លឺពេញពិភពលោក ដែលពិភពលោកកំពុងចាប់អារម្មណ៍ចំពោះថៃ ដែលបានឈ្លានពានកម្ពុជា។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពយើង កងកម្លាំងប្រដាប់អាវុធរបស់យើង គ្រប់ប្រភេទ ដែលបានលះបង់គ្រប់បែបយ៉ាងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានទឹកដីរបស់យើង ហើយបានតស៊ូយ៉ាងស្វិតស្វាញការពារបូរណភាពទឹកដីរបស់យើង មិនឱ្យសត្រូវឈ្លានពានដណ្ដើមយក។ នេះគឺជាគុណបំណាច់មួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមគោរពកោតសសើរ និងដឹងគុណ»

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានក្រោកឈរឡើងទាំងអស់គ្នា ជ្រោងទង់ជាតិកម្ពុជាស្រែកប្រាប់ពិភពលោកពីការឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបង្ហាញពីកម្លាំងចលករដ៏ខ្លាំងក្លារបស់ប្រជាជាតិខ្មែរ ដើម្បីបង្ហាញប្រាប់ពិភពលោកថា កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់អន្តរជាតិ កម្ពុជាប្រឆាំងដាច់ខាតទៅនឹងការឈ្លានពានរបស់ប្រទេសថៃ ខណៈនេះសំឡេងរបស់ប្រជាជនកម្ពុជា បានលឺរន្ទឺពាសពេញពិភពលោក ដែលពិភពលោកកំពុងចាប់អារម្មណ៍ចំពោះថៃ ដែលបានឈ្លានពានកម្ពុជា៕