(កំពង់ចាម): គណៈប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ៣ ប្រាសាទព្រះវិហារ ដែលបានពលីជីវិតកាលពីថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖១០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ។ សពត្រូវបានតម្កល់ និងប្រារព្ធពិធីបុណ្យអធឹកអធម ស្ថិតនៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពលីកម្ម រហូតពលីជីវិតរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី លើសមរភូមិប្រយុទ្ធ ជាមួយចោសៀមឈ្លានពាន គឺជាវីរៈភាពគំរូ និង មានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិ ដែលកូនខ្មែរគ្រប់រូប សូមចាទុកជាប្រវត្តិសាស្ត្រក្នុងក្រអៅបេះដូង តទៅគ្រប់ៗជំនាន់។
ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម អ៊ុន ចាន់ដា និងប្រតិភូ បានចូលសួមរំលែកទុក្ខ ជូនគ្រួសារនៃសព ដោយសម្តែងនូវសមានចិត្តដ៏ក្តុកក្តួលចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះជាមួយក្រុមគ្រួសារនៃសពទាំងមូល ដោយសេចក្តីសោកសង្រេងជាទីបំផុត។
មរណភាពរបស់ឧត្តមសេនីយ៍ឯក ដួង សំនៀង មិនត្រឹមតែជាការបាត់បង់នូវឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបាត់បង់ នាយទាហានជាន់ខ្ពស់ដ៏ឆ្នើមមួយរូប របស់កម្ពុជា។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាលខេត្ត និងប្រតិភូ បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឧត្តមសេនីយ៍ឯក ដួង សំនៀង សូមបានដល់ឋានបរមសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕