(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ក្នុងពេលទូរស័ព្ទមកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ដូណាល់ ត្រាំ បានលើកឡើងថា ដើម្បីអនុវត្តបទឈប់បាញ់ទៅបាន ត្រូវតែមានយន្តការតាមដាន ហើយសហរដ្ឋអាមេរិក នឹងចូលខ្លួនក្នុងការសង្កេតការណ៍នៅព្រំដែនកម្ពុជា-ថៃ ដើម្បីបានសន្តិភាពមួយជាអចិន្រ្តៃយ៍។
ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែកអធិបតេយ្យកម្ពុជា និងការអនុវត្តបទឈប់បាញ់។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ បានសាទរចំពោះការអនុវត្តបទឈប់បាញ់ភ្លាមៗនៃប្រទេសទាំងពីរ។ លោក ដូ ណាល់ត្រាំ បានចាត់ទុកកិច្ចការងារនេះ ជាកិច្ចការសំខាន់ដែលលោកតាមដានដោយផ្ទាល់។
«ជាមួយគ្នានេះ លោក ដូ ណាល់ត្រាំ បានបញ្ជាក់ប្រាប់សម្ដេចបវរធិបតីថា ដើម្បីឱ្យកិច្ចព្រមព្រៀងអាចអនុវត្តទៅដោយពេញលេញ និងមាននិរន្តរភាព ចាំបាច់ត្រូវមានយន្តការតាមដាន ត្រួតពិនិត្យ អនុវត្តរបស់ភាគីពាក់ព័ន្ធឱ្យបានច្បាស់ ដែលចំណុចនេះក៏មានចែងនៅក្នុងការឯកភាពគ្នាក្នុងកិច្ចប្រជុំនៅកូឡាឡាំពួររួចហើយផងដែរ»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា។
ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា លោក ដូ ណាល់ត្រាំ បានឯកភាពឱ្យសហរដ្ឋអាមេរិកចូលរួមដំណើរការត្រួតពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងបន្តសហការជាមួយយន្តការដែលរៀបចំដោយម៉ាឡេស៊ី ដើម្បីដំណើរការយន្តការនេះដោយជោគជ័យ និងចាត់ទុកការងារនេះជាកិច្ចការពិសេសមួយ ដែលលោកប្រធានាធិបតីអាមេរិក ចង់ឃើញសន្តិភាពមួយជាអចិន្ត្រៃយ៍នៃប្រទេសទាំងពីរ៕