នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងពិធីថ្វាយព្រះរាជកុសលជូនដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅព្រះបរមរាជវាំងរាជធានីភ្នំពេញ។
ថ្ងៃទី១៥ តុលា ២០១៧នេះជាថ្ងៃគម្រប់ខួប៥ឆ្នាំដែលសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានយាងសោយទីវង្គត់ នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ តុលា ២០១២ ។ នៅថ្ងៃនេះដែរក៏មានមន្រ្តីជាន់ខ្ពស់និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា បានអញ្ជើញមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ដើម្បីបង្ហាញនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់បូជាគ្រប់យ៉ាងដើម្បីជាតិមាតុភូមិកន្លងមក។
ប្រជារាស្រ្តទូទាំងប្រទេសសូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍៕