ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនឹងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខទិសទី៣ និងជនភៀសសឹក នៅខេត្តឧត្តរមានជ័យ


នៅព្រឹកថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៥ នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ រួមនិងសប្បុរសជន​ ឧត្ថម្ភគាំទ្រផ្តល់ជូនវីរកងទ័ពឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខជួរមុខទិសទី៣ -ប្រាសាទតាមាន់តូច+តាមាន់ធំ និងប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។

អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកផ្តល់ជូន នាពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីងៀត ត្រីខកំប៉ុង ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ភេសជ្ជៈ ភូយមុង សំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ។

នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកា ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹក ស្រុកចុងកាល់ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ៕