ឯកឧត្តម គួច ចំរើន ៖ អ្នកដែលសាងសង់សំណង់ ឬរំលោភបំពានដីកម្មសិទ្ធិស្របច្បាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសតាមច្បាប់គ្មានការលើកលែងឡើយ


ឯកឧត្តម គួច ចំរើន បានថ្លែងថា អ្នកដែលសាងសង់សំណង់ ឬរំលោភបំពានដីកម្មសិទ្ធិស្របច្បាប់អ្នកដទៃ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់គ្មានការលើកលែងឡើយ។

ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ០៣ភូមិ សរុប ២៤៩០បណ្ណ គឺភូមិចុងកោះគរ ភូមិប៉ារែនលើ និងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដម ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបយីកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) គឺផ្តល់នូវការធានាបាននូវសិទ្ធពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ មករំលោភលើប័ណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះប្រព្រឹត្តនូវអំពើល្មើសនៃច្បាប់ ដូច្នេះអ្នកទាំងនោះនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ។ ហើយក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ មិនត្រូវរំលោភលើកម្មសិទ្ធិកររបស់អ្នកដទៃឡើយ រាល់ទំនាស់ដីធ្លីទាំងអស់ សូមកុំប្រើប្រាស់នូវពាក្យថាអ្នកឈ្នះបានដី អ្នកចាញ់បានលុយ យើងទាំងអស់គ្នាត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា អ្នកដែលល្មើសច្បាប់នឹងត្រូវផ្ដន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូមរក្សាទុក្ខឱ្យបានល្អ ព្រោះថាបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ណាស់ និងមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តី ត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល និងជានាយកចាត់ការកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លីខេត្តកណ្តាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះ ការចុះបញ្ជីបានរួចរាល់បានចំនួន ៦៤ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ ស្មើនឹង ៥៦៣ ភូមិ លើ១០១០ ភូមិ ស្មើនឹង ៥៦% នៃចំនួនភូមិសរុប។ បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៤១២ ៣៩៥ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៤០លើក ស្មើនឹង ៣៤០ ៨៤៦ បណ្ណ ហើយថ្ងៃនេះគឺជា លើកទី២៤១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពីចំនួន៣ មាន៖ ភូមិចុងកោះគរ ភូមិប៉ារែនលើ និងភូមិឬស្សីជ្រោយ សរុបចំនួន ២៤៩០បណ្ណ៕