ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយពលរដ្ឋនៅស្រុកពញាក្រែក បន្តឧបត្ថម្ភសម្ភារៈ និងស្បៀងជូនពលរដ្ឋភៀសសឹក និងវីរៈកងទ័ព​ជួរមុខ


(ភ្នំពេញ)៖ «ស្មារតីខ្មែរជួយខ្មែរ» កំពុងផ្សព្វផ្សាយ និងទាក់ទាញការចូលរួមកម្លាំងសាមគ្គី យ៉ាងគគ្រឹកគគ្រេង និងគ្រប់ទិសទី គាំទ្រដល់ការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺបានដោះស្រាយ កុំឱ្យមានការប្រយុទ្ធគ្នានៅតាមព្រំដែនកម្ពុជា-ថៃ និងការគាំទ្រដល់ការសម្រួលទុក្ខលំបាក របស់ប្រជាពលរដ្ឋភៀសសឹករាប់ម៉ឺននាក់ នៅតាមមណ្ឌលសុវត្ថិភាព និងការគោរពនិង ការគាំទ្រដល់វីរកងទ័ពកម្ពុជា ដែលបានលះបង់ខ្ពស់ មិនអាចកាត់ថ្លៃបាន ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងអំឡុងការប្រយុទ្ធប្រឆាំង នឹងសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានចូលរួមកម្មវិធី ការផ្តល់ការឧបត្ថម្ភសម្ភារ និងស្បៀងយ៉ាងសន្ធឹកសន្ធាប់ កើតឡើងជាមួយកម្លាំងសាមគ្គី ក្នុងស្មារតីខ្មែរតែ១ នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺបានមកពីការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្រុមការងារក្រសួងបរិស្ថាន ក្រុមការងារស្រ្តីនិងកុមារ សមាគមនារីដើម្បសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងបរិស្ថាន រួមជាមួយយុវជនមូលដ្ឋាន យុវជននៃសហភាពសហព័ន្ធកម្ពុជាវិស័យបរិស្ថាន មន្ត្រីរាជការ អ្នកមុខអ្នកការ រដ្ឋបាលស្រុកពញាក្រែក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ពាណិជ្ជករ សប្បុរសជន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីមហាជនគ្រប់ទិសទី ក្នុងស្មារតីខ្មែរតែមួយ ចំពោះជនរងគ្រោះដោយសារសង្រ្គាមប្រដាប់អាវុធ និងវីរកងទ័ពកម្ពុជាការពារជាតិ និងមាតុភូមិយ៉ាងអង់អាចក្លាហាន ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គោរពតាមគំរូដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែនៅជាមួយ ប្រជាពលរដ្ឋជានិច្ចគ្រប់គ្រាលំបាក។

សម្ភារប្រប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទាំងអស់នៅក្នុងស្រុកពញាក្រែក នឹងត្រូវបញ្ជូនទៅដល់ខេត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចែកជូនដល់ជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាព និងវីរកងទ័ពកម្ពុជាកំពុងឈរជើងជួរមុខ៕