(បាត់ដំបង)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំ បន្តដំណើរឆ្ពោះទៅខេត្តបាត់ដំបង សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ និងពិនិត្យគាំទ្រភាពជាអ្នកដឹកនាំ គ្រប់គ្រងបុគ្គលិកសុខាភិបាល។
ដំណើរចុះសួរសុខទុក្ខខាងលើនេះ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យបានបញ្ចប់ការចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋដែលភៀសសឹក និងវីរកងទ័ពការពារបូរណភាពទឹកដីកម្ពុជាយើងពីសត្រូវឈ្លានពានថៃ។ការចុះសួរសុខទុក្ខនេះ គឺធ្វើឡើងតាមនៅតាមខេត្តចំនួន ៦ជាប់ព្រំដែន គឺព្រះវិហារ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។
សម្រាប់ការចុះមកខេត្តបាត់ដំបងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំបន្ថែមដល់មន្រ្តីសុខាភិបាល ត្រូវផ្តោតសំខាន់លើផ្នែកសង្រ្គោះបន្ទាន់ (Emergency Care) ផ្នែកសង្រ្គោះកម្រិតធ្ងន់ (ICU) និងជំនាញវះកាត់ឱ្យកាន់តែល្អប្រសើរជាប់ជាប្រចាំ៖
១៖ មន្ទីរពេទ្យត្រូវបង្កើនការបណ្តុះបណ្តាលបន្តគ្រូពេទ្យជំនាញបន្ថែមទៀត ដែលនេះជាគន្លឹះអាយុជីវិតអាជីពជាពេទ្យ។
២៖ ការបណ្តុះបណ្តាលអាចធ្វើបាននៅគ្រប់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសមន្ទីរពេទ្យកាល់ម៉ែតដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រី ក្នុងការជួយគាំទ្រដល់មន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ។
៣៖ ចំពោះមន្រ្តីសុខាភិបាល ត្រូវចែករំលែកគ្នា ចំពោះអ្នកដែលមានចំណេះជំនាញខ្ពស់ ទៅអ្នកដែលមានកម្រិតទាបជាង។
៤៖ ត្រូវធ្វើការប្រមូលផ្តុំគ្នា ពិភាក្សាគ្នា ក្នុងការស្វែងរកដោះស្រាយដែលស្មាគស្មាញ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ (RCP urgente 24h/7d, Grande RCP)។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យខេត្តបាត់ដំបង ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ដោយទឹកចិត្ត និងឆន្ទៈខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំប្រគល់ជូនអំណោយមួយចំនួន ដល់មន្រ្តីសុខាភិបាលខេត្តបាត់ដំបង ដើម្បីជាលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ដែលខិតខំក្នុងបំពេញការងារយ៉ាងសកម្ម មុះមត់ ជាមួយស្មារតីទទួលខុសត្រូវ៕