ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងទ័ពជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃលិន


(ប៉ៃលិន)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំគណៈប្រតិភូ នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្ម ការពារបូរណៈភាពទឹកដី នៅតាមខ្សែរបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលខេត្តប៉ៃលិន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ លើការរស់នៅរបស់កងទ័ព គ្រួសារកងទ័ព អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលជួបការខ្វះខាត និងបានធ្វើឲ្យកងទ័ពមានភាពកក់ក្ដៅ ព្រមទាំងមានឆន្ទះកាន់តែមោះមុត ក្នុងបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន សូមប្រកាសប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជ រដ្ឋាភិបាល និងគាំទ្រជានិច្ច លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន ហើយដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន ចំពោះសម្តេចធិបតី «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៨ និងអាណត្តិបន្តបន្ទាប់ទៅមុខទៀត»

ឯកឧត្តមបណ្ឌិត គន់ គីម បានមានប្រសាសន៍នាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ចំពោះកងទ័ពទាំងអស់ និងបានថ្លែងកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នៃយោធភូមិភាគទី៥ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ច ប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈ ជាពិសេសទោះក្នុងពេលសុខសន្តិភាព កងកម្លាំងរបស់យើង តែងតែបានចុះជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានយ៉ាងជោគជ័យ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានមានប្រសាសន៍ថ្លែងក្រើនរំលឹកដល់កងទ័ពទាំងអស់ ត្រូវបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងបទបញ្ជាផ្សេងៗ របស់សម្តេចធិបតី ឲ្យបានម៉ឹងម៉ាត់បំផុត ជាពិសេសត្រូវគោរពអនុវត្តឲ្យបានល្អ នូវលក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់ជូន កងកម្លាំងជួរមុខក្នុងភូមិសាស្ត្រខេត្តប៉ៃលិន នាពេលនោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង សាច់ក្រក ទឹកបរិសុទ្ធ និងទឹកស៊ីអ៊ីវ ផងដែរ៕