(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកិច្ចការព្រំដែនទូទៅ បានដឹកនាំកិច្ចប្រជុំត្រៀមដើម្បីធានាថា ការប្រព្រឹត្តទៅនៃកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ជាមួយភាគីថៃ ដំណើរការដោយជោគជ័យ និងរលូន ស្របតាមផែនការដែលបានកំណត់។
អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កងទ័ពកម្ពុជា និងថៃ បានឯកភាពគ្នាកំណត់យកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ គឺជាថ្ងៃកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ (GBC) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ជំហានទាំងអស់នេះហើយ បានបង្ហាញថាកម្ពុជា បានអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការឯកភាពគ្នា ហើយក៏ជាយន្តការមួយបង្កើតក្រុមអ្នកអង្កេតការណ៍ ដើម្បីផ្ទៀងផ្ទាត់ និងធានាបញ្ចប់បទឈប់បាញ់
ក្នុងឱកាសធ្វើសន្និសីទសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅព្រឹកនេះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការកិច្ចការព្រំដែនទូទៅ បានដឹកនាំកិច្ចប្រជុំត្រៀមដើម្បីធានាថា ការប្រព្រឹត្តទៅនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៤ ខែសីហា ដំណើរការដោយជោគជ័យ និងរលូន ស្របតាមផែនការដែលបានកំណត់»។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជាជំហានបន្ទាប់ដើម្បីធានាឱ្យការអនុវត្តពេញលេញ និងម៉ឹងម៉ាត់នូវការឯកភាពគ្នាពីបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ ត្រូវបានបង្កើតយន្តការ និងក្រុមការងារត្រួតពិនិត្យមួយឡើង។ ក្នុងនោះក្រុមអង្កេតការនឹងត្រូវបានបង្កើតឡើង ដើម្បីផ្ទៀងផ្ទាត់ និងធានាឱ្យបាននូវការអនុវត្តបទឈបប់បាញ់៕