រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការអន្ដរាគមន៍ពីប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនរបស់អាស៊ាន ដើម្បីជួយអន្ដរាគមន៍ធ្វើយ៉ាងណាឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជាចំនួន២០រូប ដែលគេចាប់ខ្លួនទៅមកប្រទេសកម្ពុជាវិញកាន់តែឆាប់ និងប្រកបដោយសុវត្ថិភាព។
នេះបើតាមការលើកឡើងរបស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈការសង្ខេបព័ត៌មានអំពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដធ្វើចរចាហើយក៏កំពុងជំរុញឲ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងឲ្យយើងវិញឲ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្ដរជាតិ។ កម្ពុជាក៏បានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឲ្យជួយអន្ដរាគមន៍ដើម្បីជំរុញឲ្យភាគីថៃ ឆាប់ប្រគល់ពួកគេឲ្យយើងវិញ»។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងទៀតថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ មិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
សូមរំលឹកថា កងកម្លាំងយោធារបស់កម្ពុជា ចំនួន២០នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ មកទល់ពេលនេះ រាជរដ្ឋាភិបាលកំពុងចរចាដើម្បីឲ្យឆាប់បញ្ជូនត្រឡប់មកវិញ ខណៈភាគីថៃបញ្ជាក់ថា កម្លាំងកម្ពុជាទាំងអសនោះមានសុវត្ថិភាព៕