អ្នកនាំពាក្យក្រសួងការពារជាតិ សង្ឃឹមថាកិច្ចប្រជុំ GBC នៅម៉ាឡេស៊ី រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅដោយផ្លែផ្កា តែស្នើឱ្យអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួម និងជំរុញឱ្យបង្កើតនូវយន្តការតាមដាន


លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិត នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅដោយផ្លែផ្កា ប៉ុន្តែ កម្ពុជាស្នើឱ្យសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួម និងជំរុញឱ្យបង្កើតនូវយន្តការតាមដាន ឱ្យឆាប់រហ័ស។

ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ របស់ខ្លួនក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។ ហើយជំរុញឱ្យមានការបង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៉ី ក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមដ៏សកម្មពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូផ្សេងៗទៀត ដែលចាប់អារម្មណ៍ចង់ចូលជួយ ដល់ប្រទេសកម្ពុជា និងថៃ ដើម្បីតាមដាន រាយការណ៍ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានជោគជ័យ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «កម្ពុជា បានឯកភាពសំណើររបស់ភាគីថៃ ក្នុងការរៀចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មការកិច្ចការព្រំដែនទូទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រទេសម៉ាឡេស៉ី ដែលបានសម្របសម្រួល និងផ្តល់ទីតាំងសម្រាប់កិច្ចប្រជុំនេះ»

កម្ពុជា ក៏បានស្នើឱ្យប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងចិន ចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ដោយសារតែប្រទេសទាំង៣នេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ។

«យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅដោយស្ថាបនា និងប្រកបដោយផ្លែផ្កា»។ នេះជាការលើកឡើងបន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិ។

សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបាន ធ្វើលិខិតឆ្លើយតបទៅ នាយឧត្តមសេនីយ៍ ណាត់ថាក់ផុង ណាកផានីច រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី០៤ ដល់ទី០៧ ខែសីហា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការ សម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រារៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក៏សូមស្នើឱ្យមានតំណាង មកពីប្រទេសទាំងបីខាងលើចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ៕