ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រាប់ដល់ពលករត្រឡប់មកពីថៃ កុំបារម្ភខ្វះការងារធ្វើ, សូមអំពាវនាវដល់ពលករវិលត្រឡប់ចូលមកកម្ពុជាវិញ


ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជាធានាបាននូវការងារជាច្រើនកន្លែង ដើម្បីផ្ដល់ជូនដល់ពលករ ដូច្នេះកុំបារម្ភចំពោះការមិនមានការងារធ្វើ ពេលត្រឡប់ចូលមកកប្រទេសកម្ពុជាវិញ សូមអំពាវនាវដល់ឲ្យពលករ សូមវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងទៀតថា ជាក់ស្ដែងថ្មីៗនេះតែម្ដងគឺនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងប្រមាណជាង៤០០គម្រោង ដែលអាចបង្កើតការងារជាង៣០ម៉ឺនកន្លែង ដែលធានាបានការងារជូនដល់ពលករ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជាគឺ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩% នៅថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា «រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងចំនួន៤២៦គម្រោង ដែលកម្ពុជាបានអនុម័តនេះ គឺអាចបង្កើតការងាជាង៣០ម៉ឺនកន្លែង ក្នុងនោះប្រមាណ៩០ភាគរយ គឺលើវិស័យឧស្សាហកម្មភាគច្រើន។ ខ្ញុំជឿជាក់ថា យើងនឹងអាចទទួលបានការស្នើសុំដាក់ទុននៅកម្ពុជា លើសពី៥០០គម្រោង ព្រោះថា ចំពោះពន្ធ ១៩ភាគរយនេះ គឺយើងមានសង្ឃឹមច្រើនណាស់ ដូច្នេះយើងនឹងអាចបង្កើតការងារលើសពី ៣០ម៉ឺនកន្លែងក្នុងមួយឆ្នាំៗ ជូនដល់ប្រជាពលរដ្ឋធ្វើ»

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «សូមអំពាវនាវម្ដងទៀតចំពោះបងប្អូន ដែលធ្វើការចំណាកស្រុក ត្រឡប់មកប្រទេសកំណើតយើងវិញ ប្រទេសខ្លួនយើង, ផ្ទះយើង, ភាសាយើង, ម្ហូបអាហារយើង, បងប្អូនយើង, សាសនាយើង, ព្រះមហាក្សត្រយើង, រាជរដ្ឋាភិបាលយើង, ដូច្នេះគួរតែពិចារណាត្រឡប់មកធ្វើការក្នុងស្រុក ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចប្រទេសជាតិយើង»

ឧបនាយករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការបំពេញការនៅប្រទេសក្រៅ មិនបានជួយដល់សេដ្ឋកិច្ចជាតិនោះទេ ដូច្នេះបើធ្វើការនៅប្រទេសកម្ពុជា ធ្វើការងារដើម្បីបំរើសេដ្ឋកិច្ចជាតិយើង ឲ្យមានការរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ រីកចម្រើនប្រទេសជាតិ នេះជាចំណុចដ៏សំខាន់មួយ។ ដូច្នេះសូមបញ្ជាក់ម្ដងទៀតថា ប្រសិនបើយើងធ្វើការនៅក្រៅប្រទេស គឺមិនបានជួយដល់សេដ្ឋកិច្ចជាតិច្រើននោះទេ ដូច្នេះសូមត្រឡប់មកធ្វើការនៅប្រទេសកម្ពុជាយើងវិញ។

ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។

អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕