តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ទោ តែម សុខជា ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធដើម្បីការពារអធិបតេយ្យភាពកម្ពុជា


តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង រួមមាន ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ឯកឧត្តមបណ្ឌិត ជ័យ សុន សមាជិកគណៈកម្មការទី១០ នៃរដ្ឋសភា លោកជំទាវ ឯក សុវណ្ណភារៈ សមាជិកាគណៈកម្មការទី៣ នៃរដ្ឋសភា និងក្រុមការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ទោ តែម សុខជា ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយកងទ័ពសៀមដើម្បីការពារដែនអធិបតេយ្យភាពកម្ពុជា ដែលពិធីបុណ្យបានរៀបចំឡើងស្ថិតក្នុងភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
គួររំលឹកផងដែរថា លោកអនុសេនីយ៍ទោ តែម សុខជា ជាយោធិន បម្រើការងារនៅកងពលតូចលេខ៨ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានពលីជីវិតនៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីថ្ងៃសុក្រ ១៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ជន្មាយុ ៤៣ឆ្នាំ ។ មរណភាពរបស់​ លោកអនុសេនីយ៍ទោ តែម សុខជា គឺជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ដែលប្រកបដោយព្រហ្មវិហារធម៌។
លោកអនុសេនីយ៍ទោ បានចូលរួមប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងស្វិតស្វាញប្រឆាំងជាមួយនឹងកងទ័ពថៃ ដែលទង្វើនេះបានបង្ហាញនូវគំរូវីរភាពរបស់វីរៈយុទ្ធជន ដែលបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង ក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី អូម សុផានី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ តែម សុខជា បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕