ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នេះ
លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ចុះសួរសុខទុក្ខ លោក ទួន រីណា និងលោក ចំរើន ច័ន្ទដែន ដែលជាវីរកងទ័ព និងកងកម្លាំងឈរជើងនៅសមរភូមិមុខ ដ៏អង់អាចក្លាហាន ដែលបានរងរបួសអំឡុងពេលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់ខ្មាំងសត្រូវសៀម ដែលបច្ចុប្បន្នលោកទាំងពីរបាននិងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង។
ក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង
បាននាំយកនូវថវិកា និងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតឧបត្ថម្ភជូនដល់កងកម្លាំងទាំងពីរ ដើម្បីជាការតបស្នងសងគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុតក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ពីសត្រូវឈ្លានពានសៀម នាពេលកន្លងទៅនេះ។
បន្ទាប់ពីចុះសួរសុខទុក្ខដល់វីរៈកងទ័ព ហើយឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ជូនដល់ពលករ និងជនភៀសសឹក ចំនួន ០៧គ្រួសារ ស្ថិតនៅសង្កាត់តាកោ ក្រុងព្រៃវែង
ខេត្តព្រៃវែង។
ក្នុងនោះ លោកអភិបាលក្រុងព្រៃវែង បានចូលរួមឧបត្ថម្ភថវិកាដល់កងវីរកងទ័ព និងជនភៀសសឹក ជាមួយឯកឧត្តមអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តព្រៃវែង ផងដែរ។