ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន អះអាងថា ចិនរៀបចំកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីរវាងចិន ថៃ និងកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់


ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាងថា ចិនបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីរវាងចិន ថៃ និងកម្ពុជា ដើម្បីជំរុញឲ្យថៃ-កម្ពុជា គោរព«បទឈប់បាញ់» ។

កំឡុងពេលចុះពិនិត្យ ស្ថានភាពជាក់ស្ដែងរបស់ជនភៀសសឹក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ឯកឧត្តម វ៉ាង វិនពីន ថ្លែងទៅកាន់អ្នកសារព័ត៌មានថា ការឯកភាពគ្នាលើ «បទឈប់បាញ់» សម្រេចបានក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងកូឡាឡាំពួរ រវាងថ្នាក់ដឹកនាំថៃនិងកម្ពុជា ដោយអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយស្ថានភាពនៅតាមព្រំដែនរវាងប្រទេសទាំងពីរ នឹងវិលទៅរកសភាពដើមឲ្យបានឆាប់។ ភាគីទាំងពីរ នឹងវិលរកមាគ៌ានៃសន្តិភាពនៃកិច្ចសហប្រតិបត្តិការ។

ឯកឧត្តមបញ្ជាក់ថា តាំងពីជម្លោះនៃព្រំដែនរបស់ភាគីទាំងពីរបានកើតឡើង ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវជំហរជំរុញឲ្យមានការចរចារស្វែងរកសន្តិភាព។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសចិន បានផ្លាស់ប្ដូរទស្សនៈរវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសថៃ ហើយក៏មានអគ្គលេខាធិការអាស៊ាន ហើយភាគីចិនក៏បានរៀបចំនូវកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីរវាងចិន ថៃ និងកម្ពុជា ដើម្បីជំរុញឲ្យថៃ និងកម្ពុជា គោរពដល់ការព្រមព្រៀង «បទឈប់បាញ់» ជាមួយគ្នា។

ឯកឧត្តម វ៉ាង វិនពីន បញ្ជាក់បន្ថែមថា ចិនក៏បានបញ្ជូនបេសកជនពិសេសទទួលខុសត្រូវទៅដល់កិច្ចការងារអាស៊ានរបស់ប្រទេសថៃ និងកម្ពុជា ដើម្បីសម្របសម្រួលជាមួយគ្នា។ ចិនបានខិតខំព្យាយាមការបន្ធូរបន្ថយ ស្ថានការណ៍ដែលតឹងតែង។

បើតាម ឯកឧត្តម វ៉ាង វិនពីន, ចិនបានគាំទ្រ ទៅដល់អាស៊ានក្នុងការដើរតួនាទីសំខាន់ ហើយសហការជាមួយប្រធានប្ដូរវេនរបស់អាស៊ានគឺប្រទេសម៉ាឡេស៊ី និងរក្សាការផ្លាស់ប្ដូរទស្សនៈ ដើម្បីរួមចំណែកសកម្ម ក្នុងការដឹកនាំថៃ និងកម្ពុជាក្នុង «បទឈប់បាញ់» ជាមួយគ្នាក្នុងកិច្ចប្រជុំពិសេស នៅកូឡាឡាំពួរ។

ក្នុងន័យនេះ ឯកឧត្តម វ៉ាង វិនពីន បញ្ជាក់ថា ភាគីចិននឹងបន្តតួនាទីស្ថាបនាក្នុងការជំរុញឲ្យភាគីពាក់ព័ន្ធ គោរពនិងអនុវត្តកិច្ចការឯកភាព

ឲ្យមានប្រសិទ្ធភាព និងពេញលេញ ជាពិសេសដើម្បីជំរុញស្ថានការណ៍តាមព្រំដែនថៃ-កម្ពុជា វិលទៅរកសន្តិភាព និងស្ថេរភាព។

ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម វ៉ាង វិនពីន បានសរសើរថា ប្រជាជាតិខ្មែរគឺជាប្រជាជាតិដ៏អស្ចារ្យមួយ ក្រោមម្លប់របស់ព្រះករុណា ព្រះបាទនរោត្ដម សីហមុនី និងក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត។ ប្រទេសកម្ពុជា បានទទួលការអភិវឌ្ឍជាប្រវត្តិសាស្ត្រ ហើយបានបង្ហាញអនាគតភ្លឺស្វាងមួយ ក្នុងការស្វែងរកភាពរុងរឿងឡើងវិញរបស់ប្រជាជាតិ។

ឯកអគ្គរាជទូតចិន ឯកឧត្តម វ៉ាង វិនពីន អះអាងថា គ្មានឧបសគ្គអ្វីរារាំងដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបានបង្ហាញការគាំទ្រយ៉ាងមោះមុតថា នឹងបន្តគាំទ្រប្រទេសកម្ពុជា ក្នុងការថែរក្សាអធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសភាគីចិន នៅតែបន្តគាំទ្រកម្ពុជាឲ្យនៅបន្តកិច្ចការងារយ៉ាងសកម្ម ទៅកាន់ឆាកអន្តរជាតិ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ឯកឧត្តម វ៉ាង វិនពីន បានប្រកាន់ខ្ជាប់នូវជំហរគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍ ដែលស្របទៅតាមស្ថានការណ៍របស់ប្រទេសខ្លួន ភាគីចិននឹងសហការជាមួយមិត្តភក្ដិកម្ពុជា ដើម្បីអនុវត្តនូវសមិទ្ធផលដែលសម្រេចបាន នៅពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសចិន ដើម្បីបង្កើនកិច្ចសហការលើគ្រប់វិស័យឲ្យបានស៊ីជម្រៅ និងជួយកម្ពុជាឲ្យសម្រេចបានចក្ខុវិស័យមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ គឺចិននឹងជួយកម្ពុជាឲ្យសម្រេចបានក្នុងការស្តារភាពរុងរឿង រវាងប្រជាជាតិចិន និងប្រជាជាតិខ្មែរ៕