អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារ ថ្លែងអំណរគុណ និងជូនពរដល់វីរយុទ្ធជនដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅគ្រប់គោលដៅជួបតែសេចក្តីសុខ និងទទួលបានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា


ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរំលែកទុក្ខលំបាករបស់យុទ្ធជនក្នុងសមរភូមិ និងប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាមឈ្លានពានពីសំណាក់ទ័ពថៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ត្រីរាជការ នៅតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកនូវគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់កងទ័ព និងប្រជាពលរដ្ឋជាជនភាសសឹកនៅតំបន់ខេ ត្តព្រះវិហារដោយផ្ទាល់។

សកម្មភាពមនុស្សធម៌នេះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង តែងតែបានដឹកនាំក្រុមការងារមន្ត្រីរាជការ របស់រដ្ឋបាលខេត្ត ធ្វើឡើងជាបន្តបន្ទាប់នៅគ្រប់សមរភូមិក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ តាំងពីមុនការផ្ទុះអាវុធរវាង កងទ័ពកម្ពុជា ជាមួយទាហានថៃ និងក្រោយការផ្ទុះអាវុធ និងបន្តធ្វើជាបន្តបន្ទាប់ទៀតផងដែរ។

ក្នុងឱកាសយកអំណោយទៅផ្ដល់ជូនដល់កងទ័ព និងប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានលើកទឹកចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់វីរៈយុទ្ធជនទាំងអស់ដែលបាននិងកំពុង លះបង់អាយុជីវិតការពារបូរណភាពទឹ កដីនៅក្នុងសមរភូមិ រហូតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនាពេលថ្មីៗកន្លងទៅនេះ និងបន្តការពារបូរណភាពទឹកដីយ៉ាងរឹងមាំទៀតផង។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរូបឯកឧត្តមក៏ដូចជាថ្នាក់ដឹកនាំខេត្តទាំងអស់ សូមប្រសិទ្ធិពរជ័យដល់វីរៈយុទ្ធជនដ៏អង់អាចក្លាហានរបស់យើងទាំងអស់ ដែលកំពុងលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីនៅគ្រប់គោលដៅ តាមបណ្ដោយព្រំដែនខ្មែរ-ថៃ យ៉ាងអង់អាចក្លាហាន សូមឱ្យជួបតែសេចក្តីសុខ និងមានជ័យជម្នះនៅលើសមរភូមិគ្រប់ពេលវេលា៕