គណៈប្រតិភូសាលារាជធានីភ្នំពេញ បាននាំយកអំណោយជាថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគជាច្រើនមុខ និងថវិកាមួយចំនួនរបស់សប្បុរសជននានា ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលបានផ្តល់មករដ្ឋបាលរាជធានី ត្រូវបាន ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនដល់មណ្ឌលសុខភាពគូលែន និងកងពលធំអន្តរាមន៍លេខ៣។
ពិធីប្រគល់ និងទទួលបានធ្វើឡើងនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណមណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានលោក ឯក ឃុនដឿន និងលោកទិត្យ សារុំ ប្រធានមណ្ឌលសុខភាពគូលែន និងលោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងតំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយចែកជាពីរទីតាំងផ្សេងគ្នា។
លោក ទិត្យ សារុំ បានឱ្យដឹងថា នាអំឡុងសង្គ្រាមរវាងកម្ពុជា-ថៃ និងក្រោយបិទបញ្ចប់ការឈប់បាញ់ យប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន មានបងប្អូនវីរកងទ័ព កងនគរបាលជាតិការពារព្រំដែន និងប្រជាពលរដ្ឋភៀសសឹក ដែលរងរបួសពីការបាញ់ផ្លោងគ្រាប់ និងបាញ់ផ្សែងពុល របស់ទាហានថៃ បានចូលមកសម្រាកព្យាបាលជំងឺនៅទីនេះ។ លោក ទិត្យ សារុំ បានថ្លែងអំណរគុណយ៉ាងជាលជៅដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូនមណ្ឌលសុខភាពគូលែននេះ។
នៅព្រឹកថ្ងៃដែលនោះលោក ឯក ឃុនដឿន បានបន្តដំណើរទៅប្រគល់អំណោយជូន កងពលធំអន្តរាគមន៍លេខ៣ ចំនួនមួយរថយន្ត ដែលមានគ្រឿងឧបភោគបរិភោគ ដូចជា ត្រីងៀត សាច់ក្រក មី ទឹកសុទ្ធ ទឹកក្រូច នំ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខកំប៉ុង ឆៃពៅ កៅស៊ូតង កន្ទេរ អង្រឹង និងបន្លែជាមុខផងដែរ។
ក្នុងឱកាសនោះ តំណាងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅចំពោះឯកឧត្តម ឃួង ស្រេង ដែលជានិច្ចជាកាលលោកអភិបាល និងសហការីតែងតែជួយឧត្តម្ភមកដល់កងពលអន្តរាគមន៍លេខ៣ ជាក់ស្តែងក្នុងគ្រាដែលប្រទេសជាតិមានសង្រ្គាមឈ្លានពានពីទាហានថៃ ឯកឧត្តម ឃួង ស្រេង តែងចាត់បញ្ជូនប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ នាំយកមកប្រគល់ជូនដល់កងទ័ពជួរមុខជាបន្តបន្ទាប់ សូមបងប្អូនជនជាតិរួមទាំងអស់ កុំបារម្ភ យើងខ្ញុំនៅជួរមុខប្តេជ្ញាចិត្តខាច់ខាត់ការពារទឹកដីកម្ពុជាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។
ក្នុងឱកាសនៃការផ្តល់អំណោយនៅទីតាំងទាំង២កន្លែងនោះ ឯកឧត្តម ឯក ឃុនដឿន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុកពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណដល់បងប្អូនវីរកងទ័ពជួរមុខ និងកងនគរបាលជាតិការពារព្រំដែន ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ និងជូនពរឱ្យបងប្អូនទាំងអស់ មានសុខភាពល្អឆាប់ជាសះស្បើយ និងឈ្នះអស់មាសត្រូវឈ្លានពាន។ ជាមួយគ្នានោះលោក ឯក ឃុនដឿន ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១លានរៀល ជូនមណ្ឌលសុខភាពគូលែនផងដែរ៕