ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង០៤រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់សង្កត់ធ្ងន់ៗដោយទាមទារឱ្យថៃឈប់ចោទប្រកាន់កម្ពុជា ហើយងាកមកចូលរួមកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នា។
ឯកឧត្តមបានឱ្យដឹងថា ក្នុងរយៈកាលចុងក្រោយនេះគឺភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេស របស់ថៃ បានបន្តធ្វើការចោទប្រកាន់ជារៀងរាល់ថ្ងៃ មកលើកម្ពុជា ដូច្នេះ ហើយភាគីកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ ដើម្បីឆ្លើយតប និងផ្តល់ការបំភ្លឺជារៀងរាល់ថ្ងៃ។
ឯកឧត្តម ជុំ សន្ទរី បានទាមទារយ៉ាងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ទាមទារឱ្យភាគីថៃ ក្នុងនោះក៏មានក្រសួងការបរទេសថៃ ឱ្យបញ្ឈប់នូវការចោទប្រកាន់ប្រឆាំងនឹងកម្ពុជា ហើយងាកមកចូលរួមក្នុងកិច្ចសន្ទនាដោយសុទ្ធចិត្ត ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ កម្ពុជា នៅតែមានការតាំងចិត្តដ៏ពេញលេញក្នុងការអនុវត្តដោយស្មោះស្ម័គ្រនូវកិច្ចព្រមព្រៀងឈប់បាញ់»។
អ្នកនាំពាក្យបានបន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបដិសេធចំពោះការបន្តចោទប្រកាន់ ពីសំណាក់ក្រសួងការបរទេសថៃ ដែលធ្វើការបកស្រាយខុសពីការពិតនូវហេតុការណ៍ដែលបានកើតឡើង ពាក់ព័ន្ធនឹងការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ នៅតាមព្រំដែនថ្មីៗនេះ ក៏ដូចជាការអនុវត្តនូវកិច្ចព្រមព្រៀងឈបប់បាញ់។
ក្រសួងការបរទេស ក៏សូមអះអាងសារជាថ្មីទៀតថា កម្ពុជា ប្រកាន់នូវការតាំងចិត្តពេញលេញក្នុងការគោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជា ក៏សូមបញ្ជាក់ពីការតាំងចិត្តអនុវត្តដោយអត់ធ្មត់ សមស្របទៅតាមការកំណត់នៃកិច្ចព្រមព្រៀង។
ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា សូមលើកឡើងជាថ្មីម្តងទៀត អំពីការបដិសេធយ៉ាងម៉ឹងម៉ាត់ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន របស់ភាគីថៃ អំពីការរំលោភបទឈប់បាញ់ដោយកម្ពុជា។ កម្ពុជា អំពាវនាវឱ្យមានបេសកកម្មសង្កេតការណ៍ឯករាជ្យរបស់អាស៊ាន ដើម្បីធានាបាននូវការវាយតម្លៃជាសត្យានុម័ត ចំពោះសភាពការណ៍ដែលកើតមាននៅតំបន់ទាំងសងខាងនៅតាមព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីធានាឱ្យបានត្រឹមត្រូវនូវបទឈប់បាញ់។
ក្រសួងការបរទេសកម្ពុជា ក៏សូមបដិសេធ ចំពោះការចោទប្រកាន់ពីសំណាក់ភាគីថៃ ថាកម្ពុជា បានវាយប្រហារទៅលើជនស៉ីវិល។ កងទ័ពរបស់កម្ពុជា បានធ្វើសកម្មភាព ដោយគោរពប្រតិបត្តិយ៉ាងត្រឹមត្រូវទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីចៀសវាងនូវការបង្កគ្រោះទៅដល់ប្រជាជនស៉ីវិល ក្នុងន័យនេះកម្ពុជា ទាមទារឱ្យមានការផ្ទៀងផ្ទាត់ រួមក្រោមការត្រួតពិនិត្យរបស់អាស៊ាន ជៀសជាងការធ្វើការចោទប្រកាន់ជាឯកតោភាគី ដើម្បីបំភាន់សាធារណមតិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា លើការគោរពច្បាប់អន្តរជាតិ និងធ្វើឱ្យភាពតាន់តឹងមានការថយចុះ ហើយនឹងការបន្តគោរពទៅតាមធម្មនុញ្ញរបស់អាស៊ាន ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ។ កម្ពុជា ក៏បានរំពឹងថានឹងមានការថយចុះចំពោះភាពតាន់តឹង តាមរយៈកិច្ចប្រជុំរបស់គណៈកម្មការកិច្ចការព្រំដែនទូទៅ (GBC) នៅពេលខាងមុខនេះ។
ក្រសួងការបរទេសកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា អំពីការតាំងចិត្តដោយឥតងាករេរបស់កម្ពុជា ចំពោះសន្តិភាព ការពិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕