កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមិត្ត-អប់រំ-មិត្ត មិត្ត-ជួយ-មិត្ត នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍


ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានគូរបញ្ជាក់ថា កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជាថា បានដើរតួនាទីយ៉ាងសំខាន់មិនអាចមើលរំលងនោះ គឺសកម្មភាពមិត្ត-អប់រំ-មិត្តមិត្ត-ជួយ-មិត្ត នៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ដែលពួកគេរស់នៅតាមរយៈការអប់រំផ្សព្វផ្សាយលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ការលើកកម្ពស់បរិយាប័ន្នពិការភាព ជំងឺឆ្លង-មិនឆ្លង អនាម័យ និងបរិស្ថាន។ល។

ក្នុងឱកាសនោះឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា «គរុនិស្សិត ជាយុវជន នឹងនៅបន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌ សកម្មភាពសង្គមក្នុងគ្រឹះស្ថានសិក្សា សាខា-អនុសាខា កាកបាទក្រហមកម្ពុជា ដែលខ្លួនកំពុងរស់នៅ បំពេញបម្រើការងារជាគ្រូបង្រៀននេះ ឱ្យមាននិរន្តភាពនិងការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់អាណាព្យាបាល និងសិក្សានុសិស្សគ្រប់ៗរូប»

ការថ្លែងបែបនេះរបស់ឯកឧត្តម ក្នុងពិធីសំណេះ ជាមួយគរុនិស្សិត សមាជិកយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញសាលប្រជុំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅចុងខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ពិត ចំណាន បានថ្លែងបន្ដថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងក្នុងនាមរូបលោកផ្ទាល់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាប្រធានក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងឧបត្ថម្ភគាំទ្រជាប់ជាប្រចាំទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

ជាមួយគ្នាឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួន ជូនដល់សមាជិកយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញសាលប្រជុំវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដូចជា៖

១៖ សូមផ្តើមពីចំណុចឯកភាពរបស់ក្លឹបយុវជនកាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល និងគ្រឹះស្ថានសម្របសម្រួលការផ្តល់គុណតម្លៃ ការឧបត្ថម្ភគាំទ្រធនធាន/ថវិកា និងការបំពេញបង្រ្គប់ឱ្យគ្នាទៅវិញទៅមករវាងនាយដ្ឋានធនធនមនុស្ស ប្រធានកិត្តយសក្លឹប/នាយកវិទ្យាស្ថាន គ្រូទីប្រឹក្សាទំនាក់ទំនងយុវជន និងយុវជន

២៖ ការពង្រឹងបណ្តាញក្លឹបយុវជន គិតអំពីគុណភាព ជាជាងមរិមាណ និងមានឥទ្ធិពលជួយទៅដល់សហគមន៍ងាយរងគ្រោះគ្រួសាររងគ្រោះ ដូចនេះ គ្រឹះស្ថានសិក្សា ដឹកនាំកម្លាំងយុវជនជួយសហគមន៍ អប់រំអនាម័យ បរិស្ថាន អប់រំសុវត្ថិភាពចរាចរណ៍។ល។

៣៖ ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ត្រូវក្តាប់បាននូវគរុនិស្សិត បុគ្គលិកសាស្រ្តាចារ្យ ដែលជួបបញ្ហាខ្វះខាតខ្លាំង មានជំងឺខ្វះលទ្ធភាពព្យាបាល ខ្វះខាងក្នុងការសិក្សា ក្លឹបយុវជនត្រូវចេះនឹងហានរាយការណ៍ជូនគ្រឹះស្ថានសិក្សា ដើម្បីការជួយឧបត្ថម្ភគាំទ្រនានាទៅមិត្តក្នុងគ្រឹះស្ថានសិក្សា សាស្រ្តាចារ្យ កុំចាំបណ្តាញសារព័ត៌មានចេញផ្សាយ ទើបយើងស្វះស្វែងរកជំនួយជួយ

៤៖ សូមលើកសរសើរ និងជំរុញលើកទឹកចិត្តសមាជិក-សមាជិកាក្លឹបយុវជន និងជនបង្គោលការងារយុវជនកាកបាទក្រហមកម្ពុជា ទៅតាមលទ្ធភាព

៥៖ រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

នាពេលឆាប់ៗខាងមុខនេះ គរុនិស្សិតឆ្នាំទី៤ ដែលជាយុវជនកាកបាទក្រហមកម្ពុជា ទាំង ២៤៩នាក់ នឹងត្រូវប្រឡងបញ្ចប់ការសិក្សាទៅបន្តក្របខណ្ឌជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស លោកបានលើកទឹកចិត្ត និងជំរុញការផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ ឱ្យកាន់តែទូលំទូលាយនៅតាមមូលដ្ឋានសិក្សារបស់ខ្លួន ហើយសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងនៅបន្តជាមួយកាកបាទក្រហមកម្ពុជា ជួយទៅតាមសហគមន៍មូលដ្ឋាន និងចូលរួមដោះស្រាយតម្រូវការជាក់ស្តែងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ រួមចំណែកកសាងសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងទៅតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា – មិនទុកនរណាម្នាក់ចោល» ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និង២០៥០។

ជាមួយគ្នានោះឯកឧត្តមបានថ្លែងនូវអំណរគុណ និងការកោតសរសើរលោកបណ្ឌិតនាយក និងសាស្រ្តាចារ្យ មន្រ្តី បុគ្គលិក គ្រូទីប្រឹក្សាយុវជន នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលជានិច្ចជាកាលលើកកម្ពស់តម្លៃនៃការអប់រំ និងបានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងថែមទាំងបានបរិច្ចាគនូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានដ៏សប្បុរស ឧបត្ថម្ភគាំទ្រដល់មន្រ្តី បុគ្គលិកសិក្សា និងយុវជនកាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ។

សូមគូសរម្លឹកផងដែរថា កន្លងមកគរុនិស្សិត និងបុគ្គលិកអប់រំតែងទទួលបានការសណ្ដោសប្រណី អាណិតស្រលាញ់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែផ្ដល់អំណោយជាបន្ដបន្ទាប់ជាថវិកា ជាអង្ករ អាហារ និងសម្ភារៈផ្សេងៗជូនដល់បុគ្គលិកអប់រំ និងគរុនិស្សិត ដែលជួបប្រទះការលំបាក ពិសេសគរុនិស្សិត ដែលស្នាក់នៅអន្ដេវាសិកដ្ឋាន និង គរុនិស្សិតក្រីក្រដទៃទៀត ដែលស្នាក់នៅផ្ទះជួល៕