ក្នុងថ្ងៃទី១នៃយុទ្ធនាការផ្សព្វផ្សាយការងារជូនពលករ៖ ក្រសួងការងារបានផ្សព្វផ្សាយដល់មនុស្សជិត១ម៉ឺននាក់ ខណៈជិត២ពាន់នាក់ទទួលបានការងារភ្លាម


ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយទ្រង់ទ្រាយធំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈពលរដ្ឋតាមមូលដ្ឋាន និងពលករជិត២ពាន់នាក់ទទួលបានឱកាសការងារភ្លាម ខណៈដែលអ្នកចូលរួមការផ្សព្វផ្សាយប្រមាណជិត១ម៉ឺននាក់នៅតាមឃុំសង្កាត់ចំនួន២៨ ក្នុងខេត្តចំនួន៧នៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ។

ឯកឧត្តម បានបន្តថា ថ្ងៃទី២ ខែសីហា ដែលជាថ្ងៃទី១នៃយុទ្ធានាការ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារទ្រង់ទ្រាយធំស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃចំនួន៣០០ឃុំដែលនឹងបញ្ចប់នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ស៊ុន មេសា បញ្ជាក់៖ «ក្នុងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃយុទ្ធនាការចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋានជាពិសេសបងប្អូនពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ប.ស.ស.ជាច្រើនដែលនៅមិនមាន។ ជាមួយគ្នានេះ ខ្ញុំក៏សូមអបអរសាទរដល់បងប្អូនដែលទទួលបានឱការការងារភ្លាមៗជិត២ពាន់កន្លែងផងដែរ»

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី១នេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២៨ ក្នុងខេត្តចំនួន ៧ ដែលរួមមាន៖ ខេត្តកំពង់ធំ, កំពង់ចាម, កំពត, ពោធិ៍សាត់, ព្រៃវែង, សៀមរាប, និងស្វាយរៀងដោយមានក្រុមហ៊ុនឯកជនចំនួន ៣០ បានចូលរួម។

សូមរម្លឹកថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នៅតាមឃុំ-សង្កាត់គោលដៅចំនួន ៣០០ ក្នុងខេត្តចំនួន ១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត៕