ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាប្រកាន់ជំហរគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ មិនមានការប្រែប្រួលនោះទេ។ បើតាមអ្នកនាំពាក្យរូបនេះ ជំហររបស់កម្ពុជា ដែលស្រលាញ់សន្តិភាព គឺស្របតាមអ្វីដែលអន្តរជាតិចង់បាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា នៅតែប្រកាន់ជំហរម៉ឹងម៉ាត់ឥតប្រែប្រួល កិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន។ ជំហរនៅខាងសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិរបស់កម្ពុជា សមស្របទៅនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន»។
ជាមួយគ្នានេះ ឯកឧត្តម ប៉ែន បូណា បានអំពាវនាវឱ្យពលរដ្ឋថែរក្សាសាមគ្គីភាព បន្តជ្រោងទង់កម្ពុជា។ លោកថ្លែងថា សំឡេងខ្មែរនៅលើពិភពលោក កំពុងប្រាប់អន្តរជាតិឱ្យច្បាស់ថា កម្ពុជាជាប្រជាជាតិមួយចង់រស់នៅក្នុងសន្តិភាព។
ឯកឧត្តមក៏បានស្នើសូមប្រជាពើរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង។
សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ៕