(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានភាពស្ងប់ស្ងាត់ ខណៈកម្លាំងរបស់កម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ។
តាមរយៈការសង្ខេបបច្ចុប្បន្នភាពនៃការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «សភាពការណ៍ជួរមុខចាប់តាំងពីវេលាម៉ោង១២៖០០រំលងអធ្រាត្រ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ម៉ោង៦៖១៥នាទីព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នអនុវត្តតួនាទីរបស់ខ្លួនយ៉ាងច្បាស់លាស់ និងពេញលេញ»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ, កម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់បំផុត លើលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានឯកភាពគ្នានៅប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទាំងនេះជាការប្ដេជ្ញាចិត្តយ៉ាងច្បាស់លាស់ សុចរិត ម្មត់ចត់ មិនរុញរា និងមិនប្រែប្រួលនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកងកម្លាំងប្រដាប់អាវុធដែលយើងបានគោរព និងអនុវត្តយ៉ាងពេញលេញដោយស្ម័គ្រត្រង់ នៃលក្ខខណ្ឌបទឈប់បាញ់ ធ្វើយ៉ាងណាដើម្បីឆ្ពោះទៅរកភាពកាន់តែប្រសើរឡើងឲ្យបានឆាប់រហ័សបំផុត។
សូមមរំលឹកថា តាមព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ទទួលបានឲ្យដឹងថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។
កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង៕
ម៉ោង៧៖១៥៖១៤ ដល់៧៖១៦៖៥៧