(ភ្នំពេញ)៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសថ្កោលទោសចំពោះការបង្ករឿងរបស់កងទ័ពថៃ ហើយទាមទារឱ្យថៃ គោរពអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ ហើយចៀសវាងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត។
ការថ្កោលទោសរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ។
ការចេញមកថ្កោលទោសចំពោះភាគីថៃ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រឹងប្រែងប្រឌិត និងផ្សាយផ្សាយព័ត៌មានក្លែងក្លាយ លើគ្រប់រូបភាព ដើម្បីវាយប្រហារមកលើប្រទេសកម្ពុជា ដោយគ្មានភស្តុតាងពិតប្រាកដណាមួយ។ ផ្ទុយទៅវិញទេ ថៃនាវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ បានបញ្ជូនកងទ័ពដោយមានអាវុធគ្រប់ដៃ និងគ្រឿងចក្រមួយចំនួន ចូលតំបន់អានសេះ ដែលជាអធិបតេយ្យកម្ពុជា ដោយបានរាយបន្លាលួសផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការបន្តបង្ករឿងដោយកងទ័ពរបស់ថៃ ហើយទាមទារឱ្យភាគីថៃ សូមឱ្យគោរពដ៏ពេញលេញនូវអធិបតេយ្យភាព និងបូរណភាពកម្ពុជា ស្របទៅតាមការកំណត់របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ហើយនឹងបណ្តាគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ សូមឱ្យបញ្ឈប់ជាបន្ទាន់នូវការបង្ករឿងផ្នែកយោធា និងសកម្មភាពជាឯកតោភាគី ដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនស៉ីវិល ដែលធ្វើឱ្យភាពតាន់តឹងមានការកើតឡើងថែមទៀត»។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានផ្ញើសារទៅភាគីថៃ ត្រូវធ្វើព្យាយាមឱ្យមានភាពស៉ីគ្នារវាង ការប្រកាសជាសាធារណៈ នៃការតាំងចិត្តរបស់ខ្លួនចំពោះសន្តិភាព ជាមួយនឹងសកម្មភាពជាក់ស្តែង តាមរយៈការអនុវត្តដោយសុច្ចចិត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងកងទ័ពទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ក៏បានរម្លឹកទៅភាគីថៃ ត្រូវបញ្ចៀសឱ្យខានតែបានការបង្កឱ្យមានភាពតាន់តឹងរវាងកងទ័ពទាំងពីរ បន្ថែមទៀត។ ជាពិសេសពាក់ព័ន្ធនឹងការផ្សាយព័ត៌មានក្លែងក្លាយ ដែលបានកំរាមកំហែងទៅដល់សន្តិសុខដ៏ផុយស្រួយ និងស្ថិរភាពនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។
ឯកឧត្តម ជុំ សុន្ទរី បានគូសបញ្ជាក់ថា កម្ពុជា បានប្រកាសអះអាងជាថ្មីទៀតនូវការតាំងចិត្តដោយឥតងាករេរបស់ក្នុងខ្លួនក្នុងការដោះស្រាយ រាល់បញ្ហាទាំងអស់តាមរយៈមធ្យោបាយដោយសន្តិវិធី សមស្របទៅតាមច្បាប់អន្តរជាតិ និងអនុស្សារណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ព្រមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងកងទ័ពទាំងពីរ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី៕