នៅថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនជូនយុទ្ធជនរងរបួស ក្នុងអំឡុងពេលប្រយុទ្ធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៉ី។
ក្នុងឱកាសនោះ ឯកឧត្តម ងួន ណារ៉ា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាមួយនឹងការថ្លែងអំណរគុណ ចំពោះវីរភាព ឆន្ទៈដ៏មោះមុតអង់អាចក្លាហាន ការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។
ឯកឧត្តម ងួន ណារ៉ា បានផ្តល់នូវការលើកទឹកចិត្ត និងជូនពរដល់វីរយុទ្ធជនរងរបួសទាំងអស់ សូមឆាប់បានជាសះស្បើយពីរបួសស្នាម នឹងអាចវិលត្រឡប់ទៅអង្គភាពរបស់ខ្លួនវិញ ក្នុងពេលឆាប់ៗនេះ៕