វិស័យឯកជនជំរុញឱ្យក្រុមហ៊ុនមិនទាន់ចុះបញ្ជី ទៅចុះបញ្ជីស្របច្បាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា


វិស័យឯកជនជំរុញឱ្យក្រុមហ៊ុនមិនទាន់ចុះបញ្ជី ទៅចុះបញ្ជីស្របច្បាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា ខណៈ ក្រុមហ៊ុនដែលបានចុះបញ្ជីអនុលោមតាមច្បាប់ បានប្រឈមនឹងការបិទទ្វារអាជីវកម្ម ដោយតែពួកគេពិបាកក្នុងការប្រ កួតប្រជែងថ្លៃជាមួយក្រុមហ៊ុនដែលមិនបានចុះបញ្ជី។

វិស័យឯកជនលើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើវិស័យកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវា នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នេះ។

ក្នុងឱកាសនោះ វិស័យឯកជន បានលើកឡើងថា បច្ចុប្បន្នមានការកើនឡើងនូវអាជីវកម្មដែលមានចំណូលបំពេញនូវលក្ខខ័ណ្ឌជាអ្នកជាប់ពន្ធមធ្យម និងធំ តែមិនទាន់ចុះបញ្ជី។ បញ្ហានេះធ្វើឱ្យមានការប្រកួតប្រជែងតម្លៃខ្លាំងជាមួយអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវ និងពិបាកប្រកួតប្រជែងក្នុងទីផ្សារ។ ដូច្នេះធ្វើឱ្យអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវមិនអាចប្រកួតប្រជែងបាន និងឈានដល់ការបិទក្រុមហ៊ុន។

ឧកញ៉ា ឈិន កេន ប្រធានសមាគម បច្ចេកវិទ្យា ឌីជីថលនៃកម្ពុជា បានកត់សម្គាល់ថា ក្រុមហ៊ុនដែលបានចុះបញ្ជីអនុលោមតាមច្បាប់ បានប្រឈម នឹងហានិភ័យបិទទ្វារ ដោយសារតែក្រុមហ៊ុនដែលបានចុះបញ្ជីរួច ត្រូវមានកាតព្វកិច្ច អនុលោមភាពគ្រប់យ៉ាងច្បាប់កំណត់ ដែលធ្វើឱ្យចំណាយថ្លៃដើមកាន់តែខ្ពស់ និងបណ្តាលឱ្យពិបាកក្នុងការប្រកួតប្រជែង ជាមួយក្រុមហ៊ុនដែលមិនបានចុះបញ្ជី ព្រោះពួកគេមិនមានបន្ទុកអ្វី ដូច្នេះហើយថ្លៃដើមផលិតរបស់ពួកគាត់ទាប លក់ចំណេញបានខ្ពស់។

លោកសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ហានិភ័យរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីមានកាន់តែច្រើន។ ដូច្នេះហើយលោកស្នើរដ្ឋាភិបាលជួយជំរុញការចុះបញ្ជី និងចុះអង្កេតឱ្យបានច្រើន ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាពគ្នា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា បញ្ហាការចុះបញ្ជីរបស់សហគ្រាស គឺជាបញ្ហាស្មុគ្រស្មាញ បើទោះបីជារដ្ឋាភិបាលផ្តល់ការអនុគ្រោះជាច្រើនក៏ដោយ។ យ៉ាងណានេះក្តីទាក់ទងនឹងការចុះបញ្ជីអាជីកម្មនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ជាប្រចាំ ហើយរាជរដ្ឋាភិបាលនឹងបន្តរៀបចំសម្រួលមធ្យោបាយចុះបញ្ជីឱ្យកាន់តែងាយស្រួលជាងមុន ជាពិសេសតាមប្រព័ន្ធ CamDX។

ជាមួយគ្នានេះដែរ តំណាងអគ្គនាយកដ្ឋានពន្ធដារ ដែលបានចូលរួមក្នុងវេទិកាពិគ្រោះយោបល់នេះ បានលើកឡើងថា ចំពោះសហគ្រាសដែលមិនបានចុះបញ្ជី អគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចជាកន្លងមក អគ្គនាយកដ្ឋានពន្ធដារបាន ធ្វើសិក្ខាសាលាផ្សាយផ្សព្វផ្សាយ និងចុះអង្កេតតាមដងផ្លូវ ដើម្បីពិនិត្យមើលថា សហគ្រាសណាខ្លះដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជី និង លើកទឹកចិត្តដល់សហគ្រាសដែលមិនទាន់ចុះបញ្ជី មកចុះបញ្ជី តាមរយៈការសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ និងសភាពាណិជ្ជកម្មជាដើម។

យោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២៤ សហគ្រាសធុនតូច និងមធ្យមថ្មីចំនួន ១,២៩២បានមកចុះបញ្ជី ដែលនាំឱ្យសហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីក្នុងប្រព័ន្ធកើនដល់ ៤៣,៩៧០ គិតត្រឹមដំណាច់ឆ្នាំ២០២៤។

ក្រសួងបានឱ្យដឹងថា ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមថ្មីដែលបានចុះបញ្ជី ក្នុងនោះចំនួន១៧ បានចុះបញ្ជីនៅក្រសួង ៣៣៨ បានចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ៨៣១ បានចុះបញ្ជីនៅតាមរាជធានី/ខេត្ត និង ១០៦ បានចុះបញ្ជីនៅតាមស្រុក/ក្រុង។ សហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជីផ្លូវការ ផ្តល់ការងារជិត ៤៧៦ ២២៣ កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក ដោយក្នុងនោះ ១៤៤ ៥៥៩ នាក់ជាស្ត្រី៕