ប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោនស្ទេត សហរដ្ឋអាមេរិក ចំនួនប្រមាណ១,៨០០អង្គ/នាក់ កាលពីចុងសប្ដាហ៍នេះ បានធ្វើការជួបជុំមហាគ្រួសារខ្មែរនៅមុខ Washington State Capitol Building and Campus ដើម្បីសម្តែងការថ្លែងអំណរអរគុណប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានជួយសម្របសម្រួល ឲ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនរវាងកងទ័ពថៃ-កម្ពុជា។
លោក អ៊ុំ វុត្ថា និង លោកស្រី អ៊ុំ រ៉ាឌី ដែលជាតំណាង បានឲ្យដឹងថា ការជួបជុំមហាគ្រួសារខ្មែរនេះ ធ្វើឡើងមានគោលបំណងសំខាន់ៗចំនួន៣ផ្សេងទៀត៖
*ទី១៖ ប្រឆាំងការឈ្លានពាន និងហិង្សាដោយអាវុធពីភាគីប្រទេសថៃ
*ទី២៖ ទាមទារឲ្យមានការដោះលែងកងទ័ពទាំង ១៨រូប ដែលកងទ័ពថៃចាប់ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥
*ទី៣៖ ជាការលើកទឹកចិត្តគាំទ្រយ៉ាងពេញទំហឹង និងគោរពដល់វីរភាពដ៏អង់អាចរបស់កងទ័ពកម្ពុជា ដែលឈរជើងការពារព្រំដែនពីចោរឈ្លានពាន។
អ្នកតំណាងរូបនេះដដែល ក៏ទទូចស្នើរសុំប្រធានាធិបតីអាមេរិក ជួយប្រាប់ទៅភាគីថៃ ឲ្យដោះលែងកងទ័ពទាំង១៨នាក់ដោយគ្មានលក្ខណវិញផង ព្រោះទង្វើរបស់ទាហានឈ្លានពានថៃនេះ បានបំពានច្បាប់អន្តរជាតិ និងជាអំពើអមនុស្សធម៌យ៉ាងពិតប្រាកដ៕