ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមសហធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។
ពិធីប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងមុខងារសាធារណៈ និងក្រុមការងារទទួលបន្ទុកធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជម្រាបពីគោលបំណង និងគោលការណ៍នៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ។
ទន្ទឹមនេះ លោកជំទាវបានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ នឹងត្រូវអនុវត្តទៅលើ៖ ១៖ អង្គភាពចំណុះផ្ទាល់នៅទីស្តីការក្រសួង មានដូចជា ខុទ្ទកាល័យ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន រួមទាំងអង្គភាពចំណុះផ្ទាល់នៅថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ អគ្គាធិការដ្ឋាន អង្គភាពសវនកម្មផ្ទៃក្នុង វិទ្យាស្ថាន លេខាធិការដ្ឋាន និងអង្គភាពផ្សេងទៀត, ២៖ ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មការធិការ គណៈកម្មការ អង្គភាព និងយន្តការស្ថាប័នផ្សេងទៀត, ៣៖ និយ័តករ និងអង្គភាពប្រហាក់ប្រហែល, ៤៖ គ្រឹះស្ថានសិក្សាធារណៈរដ្ឋបាល អង្គភាពដែលមានស្វ័យភាពរដ្ឋបាល ទីភ្នាក់ងារប្រតិបត្តិការពិសេស ឬអង្គភាពប្រហាក់ប្រហែល និង៥៖ សហគ្រាសសាធារណៈដែលស្ថិតក្រោមអាណាព្យាបាលក្រសួង ស្ថាប័ន។
សម្រាប់មន្ត្រីគោលដៅរបស់ក្រសួង ស្ថាប័ន ដែលត្រូវធ្វើជំរឿនរួមមាន៖ ១៖ មន្ត្រីក្នុងមុខតំណែងនយោបាយគ្រប់កម្រិត, ២៖ មន្ត្រីក្នុងមុខតំណែងជាទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ,៣៖ មន្ត្រីរាជការស៊ីវិល, ៤៖ មន្ត្រីស្ថិតក្រោមលក្ខន្តិកៈដោយឡែក, ៥៖ មន្ត្រីជាប់កិច្ចសន្យាគ្រប់គ្រងដោយប្រព័ន្ធរួម របស់ក្រសួងមុខខងារសាធារណៈ និង៦៖ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីជំនាញ និងមន្ត្រីផ្សេងទៀតដែលបាន និងកំពុងបំពេញការងារដោយទទួលបៀវត្ស ឬប្រាក់ឧបត្ថមពីថវិកាជាតិ ឬថវិកាពីក្រសួង ស្ថាប័ន ឬថវិកាអង្គភាពតាមរយៈកិច្ចសន្យាការងារ ឬលិខិតបង្គាប់ការ ឬលិខិតផ្សេងទៀត សម្រាប់រយៈពេលបំពេញកការងារចាប់ពី១ (មួយ) ឆ្នាំឡើងទៅ។
ការរៀបចំពិធីប្រកាសបើកយុទ្ធនាការថ្ងៃនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អនុវត្តយុទ្ធនាការ ការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដល់ថ្នាក់ដឹកនាំទទួលខុសត្រូវ និងមន្ត្រី ដែលមានការពាក់ព័ន្ធត្រូវចូលរួម និងសហការផ្តល់ការគាំទ្រឱ្យពេញលេញ ដល់យុទ្ធនាការនៃការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ដែលបាននិងកំពុងបំពេញការងារនៅតាមអង្គភាពរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕