ប្រតិភូក្រុមហ៊ុនរបស់អាមេរិក ជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek និងលោក Pavel Fedorov ប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុន Salmon Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងឈ្វេងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃបរិយាសវិនិយោគនៅកម្ពុជា សំដៅស្វែងរកឱកាសវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។

ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនហិរញ្ញវត្ថុដែលបានបណ្តាក់ទុនវិនិយោគក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងជំនួបនេះលោកប្រធានប្រតិបត្តិក្រុមហ៊ុន Salmon Group បានជម្រាបជូនពីវឌ្ឍនភាព និងគំរូអាជីវកម្ម របស់ក្រុមហ៊ុនខ្លួន ព្រមទាំងបានបង្ហាញចំណាប់អារម្មណ៍លើវិសាលភាពនៃការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធឌីជីថល ដែលកំពុងតែមានភាពរស់រវើកនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន និងពោរពេញដោយសក្តានុពល ក្នុងការចាប់យកនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពនៃកំណើនថ្មី។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចានថុល បានសម្តែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងបានលើកឡើងពីសក្កានុពលនានាបន្ថែម ដែលជាភាពអំណោយផលខ្ពស់ដល់វិនិយោគិនបរទេស។ លើសពីនេះលោកក៏បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ រីករាយក្នុងការផ្តល់ការណែនាំ ការសម្របសម្រួល សំដៅធ្វើឱ្យការសម្រេចចិត្តវិនិយោគកាន់តែមានភាពច្បាស់លាស់ត្រឹមត្រូវ មានអនុលោមភាពតាមច្បាប់ និងប្រកបដោយភាពងាយស្រួល។

គួររំលឹកដែរថា ជំនួបពិភាក្សាការងារនាឱកាសនេះត្រូវបានប្រព្រឹត្តទៅបន្ទាប់ពីជំនួបជាមួយប្រតិភូក្រុមហ៊ុន Argentem Creek នៅក្នុងឱកាសនៃការបំពេញបេសកកម្មទាក់ទាញ និងជំរុញវិនិយោគដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី នៅសហរដ្ឋអាម៉េរិកកាលពីចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៤ កន្លងទៅ៕