ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងភរិយា ដឹកនាំក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្តត្បូងឃ្មុំ បួងសួងប្រសិទ្ធពរជ័យថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គខ្មៅ បារមីហ្លួងព្រះស្តេចកន សុំជ័យជំនះជូនថ្នាក់ដឹកនាំ និងវីរកងទ័ពកម្ពុជា


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ សមាជិក សមាជិកា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន យុវជន ស.ស.យ.ក យុវជនមូលដ្ឋាន រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះអង្គខ្មៅ បារមីហ្លួងព្រះស្តេចកន បារមីអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ គ្រប់ជំនាន់ បារមីថែរក្សាប្រាសាទវត្តព្រះធាតុបាស្រី បារមីមេទ័ពខ្មែរគ្រប់ជំនាន់ ព្រះវេស្សវន្ត ព្រះវេរោ និងម្ចាស់ទឹកម្ចាស់ដី ព្រៃភ្នំមានរឹទ្ធីបារមី សុំប្រទានពរជ័យសេចក្ដីសុខ ចម្រើន និងជ័យជំនះគ្រប់ភារកិច្ច និងលើសមរភូមិប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃអង្គារទី៥ ខែសីហា ឆ្នាំ២០២៥ នៅវត្តព្រះធាតុបាស្រី ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងៀ ខេត្តត្បូងឃ្មុំ និងដើម្បីជូនដល់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ និងជូនកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារជាតិ មាតុភូមិកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងពិធីបួងសួង សុំសេចក្ដីសុខនិងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងជូនវីរកងទ័ពខ្មែរ ក៏បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការពលីជីវិតរបស់កងទ័ព នៅសមិរភូមិជួរមុខ ក្នុងពេលមានសង្រ្គាម គឺជាការលះបង់នូវគុណូបការៈ មិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុការពារទឹកដី ការពារជាតិ មាតុភូមិពីសំណាក់សត្រូវ និងមិនឱ្យសត្រូវឈ្លានពានបានឡើយ។

ឯកឧត្តមរដ្ឋមន្រ្តី បានបួងសួង ដល់វត្ថុសក្ដិសិទ្ធតាមជួយថែរក្សាការពារ វីរកងទ័ពខ្មែរឱ្យទទួលបានជោគជ័យ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងពួង ទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងសមរភូមិ ជានិច្ចនិរន្តរ៍ និងសូមគោរពវិញ្ញាណក្ខនរបស់កងទ័ពកម្ពុជាយើង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនទូទាំងប្រទេស នឹងចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាជារៀងរហូត៕