អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់ វីរកងទ័ព តាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ


ចង្ក្រានហ្គាសធន់តូចចល័តចំនួន៦០០០ចង្ក្រាន កំប៉ុងហ្គាសចំនួន១២០០០កំប៉ុង ទឹកបរិសុទ្ធ និងមីជាច្រើនកេស ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានលោក អុីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ទាហានថៃមកលើ ដែនអធិបតេយ្យភាពរបស់កម្ពុជា។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ខែសីហា ឆ្នាំ២០២៥នេះឯកឧត្ដមអុីមរ៉ន ហាស្សាន់ បានប្រគល់អំណោយជូនឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានគណកម្មាធិការគ្រប់គ្រងគ្រោះហន្ដរាយនិងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារនៅ ក្នុងខេត្តព្រះវិហារ។

   ក្នុងឱកាសនោះលោក អុីមរ៉ន ហាស្សាន់ បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនចង្ក្រានហ្គាសធន់តូចចល័តចំនួន៦០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១២០០០កំប៉ុង ដល់រដ្ឋបាលរាជធានីសម្រាប់ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពាន។ ជាមួយគ្នានោះលោក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងសូមអណរគុណដល់បងប្អូនវីរកងទ័ពជួរមុខ ដែលបានលះបង់ប្តូរផ្តាច់អាយុជីវិត ក្នុងបុព្វហេតុការពារទឹកដី ពីការឈ្លានពានរបស់ទាហានថៃ និងសូមជូនពរឱ្យបងប្អូនយើងទាំងអស់ មានសុខភាពល្អ ឈ្នះអស់សត្រូវឈ្លានពាន ។

ជាការឆ្លើយតបឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសនោះ បានលើកឡើងថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ភាកិច្ចឱ្យឯកឧត្ដម មកសហការមួយរដ្ឋបាលខេត្តព្រះវិហារ យកសម្ភារៈនេះទៅចែកជូនដល់វីរកងទ័ពជួរមុខនិងពលរដ្ឋភៀសសឹក ដែលមានតម្រូវការចំបាច់បន្ទាន់។

ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានថ្លៃងនូវការអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានផ្តល់ជូនចង្ក្រានហ្គាសធនតូចចល័តចំនួន៦០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១២០០០កំប៉ុង ប្រគល់ជូនដល់វីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានភៀសសឹកតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនោះដែរឯកឧត្តមកិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រីនូវបានអរគុណចំពោះសប្បុរសជននានានៅរាជធានីភ្នំពេញនិងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបាននិងកំពុងជួយឧបត្ថមយ៉ាងសន្ធឹកសន្ធាប់មកជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ និងប្រជាពលរដ្ឋដែលទទួលផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានពីទាហានថៃ។

ជាមួយគ្នានោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានស្នើមករដ្ឋបាលរាជធានីភ្នំពេញឱ្យជួយផ្តល់ឧបករណ៍សំរាប់បញ្ជូលហ្គាស ជូនវីរកងទ័ពតាមបន្ទាត់ព្រំដែនជួរមុខ ដើម្បីពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់ ព្រោះរដូវនេះជារដូវភ្លៀង។ បន្ថែមពីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិតទេសរដ្ឋមន្ដ្រី គន់ គីម បានសុំឱ្យសប្បុរសជននៅរាជធានីភ្នំពេញនិងឯកឧត្ដម ឃួង ស្រេង បន្តជួយឧបត្ដម ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក បន្ថែមទៀត ដោយអាច ផ្តល់ជាថវិកា ដើម្បីទិញបន្លែ ត្រី សាច់ មកចែកជូនពួកគាត់ជាជនភៀសសឹក ដោយសាថា គ្រឿងឧបភោគ បរិភោគ ដូចជាមី ត្រីខ ទឹកត្រី ជាដើមនោះ ពួកគាត់អាចថា មានច្រើនហើយ។ ការផ្ដល់អំណោយទាំងអស់នេះវាក៏បានជួយទៅដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកដែលមិនរងប៉ះពាល់ដោយសង្គ្រាមនេះ មិនបានលក់ គោ ក្របី ត្រីសាច់ ធ្វើឱ្យជីវភាពពួកគាត់បានល្អមួយកម្រិតដែរ។

សូមបញ្ជាក់ថា៖អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានប្រគល់ជូនខាងលើនេះរួមមាន៖ ចង្ក្រានហ្គាសធន់តូចចល័តចំនួន៦០០០ចង្ក្រាននិងកំប៉ុងហ្គាសចំនួន១២០០០កំប៉ុង ទឹកបរិសុទ្ធចំនួន២៨៩យូរនិង៥០កេស ព្រមទាំងមីចំនួន៥០កេស៕