សហរដ្ឋអាមេរិក សាទរលទ្ធផលនៃកិច្ចប្រជុំ GBC និងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ


អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយថា សហរដ្ឋអាមេរិកសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)​ រវាងថៃ និងកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា នៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍ លោក Tommy Pigott បានឱ្យដឹងថាសហរដ្ឋអាមេរិកសាទរចំពោះលទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)​ រវាងថៃ និងកម្ពុជា ថាជាការបោះជំហានដ៏មានសារៈសំខាន់នៅក្នុងការពង្រឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងបង្កើតយន្ដការអង្កេតការណ៍របស់អាស៊ាន។ លោកបន្តថាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio សង្ឃឹមថារដ្ឋាភិបាលកម្ពុជា និងថៃ នឹងគោរពតាមយ៉ាងពេញលេញនូវការប្ដេជ្ញាចិត្តរបស់ប្រទេសទាំង២ដើម្បីបិទបញ្ចប់ជម្លោះ។

តាមអ្នកនាំពាក្យរងរូបនេះដដែល សហរដ្ឋអាមេរិកក៏អរគុណផងដែរដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim សម្រាប់ភាពជាមេដឹកនាំរបស់លោក និងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចចរចាបទឈប់បាញ់ ដែលជាលទ្ធផលកើតចេញដោយផ្ទាល់ពីឆន្ទៈរបស់លោកនៅក្នុងការសហការជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំពិសេសកាលពីឆ្នាំ២៨ ខែកក្កដា ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទាំង២។ លោក Tommy Pigott បន្ថែមថាសហរដ្ឋអាមេរិកនឹងបន្តគាំទ្រម៉ាឡេស៊ី អាស៊ាន រួមទាំងកម្ពុជា និងថៃ ខណៈដំណើរការបទឈប់បាញ់កំពុងឆ្ពោះទៅមុខ៕