ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ដ្រីចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលវិលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពភៀសសឹក ចំនួន២៦គ្រួសារ ក្នុងសង្កាត់ទាំង៣ នៃក្រុងកែប។ ការជួបជុំគ្នានេះ បានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងកែប។
នាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត បាននាំនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ និងគ្រួសារកងទ័ពភៀសសឹក) ក្នុងគ្រាដែលមានការបំពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជារបស់យើង។ សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ កន្លងមកនេះដោយសារស្ថានភាពផុយស្រួយ សម្តេចទាំងពីរ បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រឡប់មកកម្ពុជាវិញ ក្នុងគោលដៅការពារសុខសុវត្ថិភាព ពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់ពលរដ្ឋ ដែលទើបត្រឡប់មកវិញ សូមបន្ដស្នាក់នៅ នឹងធ្វើការនៅក្នុងប្រទេសរបស់យើង ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានតម្រូវការបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលបងប្អូនចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡេីយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច។
ដូច្នេះហើយត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង ប្រើប្រាស់ផលិតផលរបស់យើង រួមគ្នាពង្រឹងខឿនការពារជាតិ ខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង៕