ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី មកពីគណបក្សនយោបាយនានា ចំនួន១៥នាក់ ដែលជាករណីពិសេស។ ពិធីនេះ មានការចូលរួមពីក្រុមការងារគណៈជំនាញគណបក្សខេត្ត ក្រុមការងារគណបក្សស្រុក និងក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តម ស្បោង សារ៉ាត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា នេះគឺជា ការសម្រេចចិត្តដ៏ត្រឹមត្រូវ និងប្រកបដោយភាពជឿជាក់មួយ ក្នុងការរួមដំណើរជាមួយគណបក្សដែលកំពុងដឹកនាំនាវាកម្ពុជាលើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺអាចឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ របស់យើងទាំងអស់គ្នា ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជានោះទេ ដែលបានស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជន មិនដូចគណបក្សប្រឆាំងមួយចំនួន គឺមានតែការមានការញុះញង់បំផ្លាញផលប្រយោជន៍ជាតិ និងចង់បង្កអស្ថេរភាពសង្គមជាតិតែប៉ុណ្ណោះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការរួមសុខទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ជាតិ គឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប។ វត្តមានរបស់សមាជិកថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់លើគោលនយោបាយត្រឹមត្រូវ និងឆន្ទៈដ៏មុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តខ្ជាប់ខ្ជួនក្នុងការរក្សាបាននូវសុខសន្តិភាពពេញលេញ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានស្នើដល់មន្ត្រីបក្សទាំងអស់ ជាពិសេសអាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ ភូមិត្រូវយកចិត្តទុកដាក់តាមដានរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងសមាជិកសមាជិកា ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ធ្វើយ៉ាងណាឱ្យពួកគាត់រស់នៅដោយទទួលបានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ថ្នាក់ផងដែរ៕