នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងក្រុមការងារ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ អនុសេនីយ៍ឯក ប្រាក់ ពិសិដ្ឋ (ទីន រ៉សេត) យោធិន នៃកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក ដែលបានពលីក្នុងសមរភូមិ នៅឯស្រុកកំណើត ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីសោកសង្វេគជាទីបំផុត ចំពោះការបាត់បង់នូវវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ម្យ៉ាងគឺជាការបាត់បង់នូវស្វាមីដ៏ឧត្តុង្គឧត្តម និងជាការបាត់បង់ឪពុក ប្រកបដោយព្រហ្មវិហារធ៌មចំពោះកូនៗ ដែលគាត់បានលះបង់ អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង។
ឯកឧត្តម បានលើកឡើងថា ក្នុងនាមជាប្រជាជនកម្ពុជា និងសហគមន៍ឥស្លាម យើងទាំងអស់គ្នា សូមដឹងគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះពលីកម្ម និងគុណបំណាច់ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី របស់បងប្រុស ទីន រ៉សេត ក៏ដូចជាយុទ្ធជនទាំងអស់។ ពួកយើងនឹងចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់បងប្រុស ក្នុងការចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ជាតិខ្មែរយើង។ សូមអល់ឡោះ ទទួលយកអំពើល្អ និងផ្តល់ផលបុណ្យដល់បងប្រុស ទីន រ៉សេត ផងចុះ។
សូមជម្រាប ថានៅក្នុងឱកាសនេះដែរ ឯកឧត្តម និងក្រុមការងារ បាននាំយកនូវថវិកា ដែលជាមូលនិធិប្រមូលពីថ្នាក់ដឹកនាំ សមាជិកសមាជិកា ក្រុមការងារ និងសប្បុរសជន ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីខាងលើផងដែរ៕