នាយឧត្តមសេនីយ៍ ស ថេត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំចាយមារ និងស្រុកកញ្ចៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយគ្រួសារបងប្អូនពលករចំណាកស្រុក ចំនួន១,៤២៩គ្រួសារ វិលត្រលប់មកពីប្រទេសថៃវិញ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវក្ដីនឹករលឹក និងសេចក្ដីស្រលាញ់របស់សម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ចំពោះប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ក្នុងគ្រាដែលមានការបំពានពីសំណាក់កងទ័ពថៃ មកលើទឹកដីកម្ពុជារបស់យើង។ សម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។ កន្លងមកនេះដោយសារស្ថានភាពផុយស្រួយ សម្តេចបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រឡប់មកកម្ពុជាវិញ ក្នុងគោលដៅការពារសុខសុវត្ថិភាព ពីក្រុមជ្រុលនិយមនៅក្នុងប្រទេសថៃ។
នាយឧត្តមសេនីយ៍ ស ថេត ណែនាំដល់ពលរដ្ឋដែលទើបត្រឡប់មកវិញ សូមបន្ដស្នាក់នៅ និងធ្វើការនៅក្នុងប្រទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជា ក៏មានតម្រូវការបុគ្គលិកធ្វើការជាច្រើនផ្នែកផងដែរ ក្នុងពេលដែលបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា ថៃ មិនទាន់ដោះស្រាយរួចរាល់ ការដែលចំណាកស្រុកត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញនោះ វាមិនមែនជារឿងងាយស្រួលឡេីយ និងអាចជួបបញ្ហាប្រឈមជាមួយពួកជ្រុលនិយមថៃមួយក្ដាប់តូច។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជាតិខ្មែរតែមួយ ដោយងាកមកស្វែងរកការងារធ្វើក្នុងប្រទេសយើង រួមគ្នាពង្រឹងខឿនការពារជាតិ ខឿនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៉ីណា បានឧបត្ថមថវិកាក្នុង១គ្រួសារ ចំនួន១០ម៉ឺនរៀល, អង្ករ១បាវ, មី១កេស, ទឹកបរិសុទ្ធ ១កេសផងដែរ៕