លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺត្រូវតែដោះស្រាយដោយបច្ចេកទេស និងច្បាប់អន្តរជាតិ។
លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា «បញ្ហាព្រំដែនមិនអាចកែប្រែដោយកម្លាំងប្រដាប់អាវុធដាច់ខាត គឺបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ»។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាសូមគូសបញ្ជាក់អំពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព។
លោកជំទាវ ក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញយ៉ាងម៉ឺងមាត់ឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ មិនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះទេ តែតាមរយៈសកម្មភាពជាក់ស្ដែងផងដែរ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើសបន្លាលួសដែលខ្លួនបានលួចដាក់ចេញឲ្យអស់បន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។
កម្ពុជា និងថៃ បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង ២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងសងខាង ក៏មិនត្រូវមានចលនាទាហានណាមួយទេ រួមទាំងការដើរល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត៕