ឯកឧត្តម ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកទឹកផុស


ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកទឹកផុស និងក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ មានចំនួន ៧២គ្រួសារ ដែលកំពុងរស់នៅក្នុងស្រុកទឹកផុសផងដែរ។

មុនកិច្ចចាប់ផ្ដើមពិធីសំណេះសំណាលគណៈអធិបតី និងអង្គពិធីបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរយោធិនកម្ពុជា ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីពីការឈ្លានពានរបស់ទាហានបរទេស។

ជាកិច្ចចាប់ផ្តើមលោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស បានធ្វើរបាយការណ៍ជូនអង្គពិធីទាំងមូលជ្រាបអំពីស្ថានភាពទូទៅក្នុងស្រុក ការទទួលពលករដែលត្រលប់មកពីប្រទេសថៃ និងបានបញ្ជាក់ថានៅក្នុងមូលដ្ឋានស្រុកទឹកផុស មានក្រុមគ្រួសារនៃវីរកងទ័ពឈរជើងនៅសមរភូមិសរុបចំនួន ៧៣គ្រួសារ ដែលកូនក្មួយ និងប្តីរបស់គាត់ កំពុងឈរជើងនៅសមភូមិមុំបីចំនួន៩រូប នៅប្រាសាទមាន់តូច ៥រូប ប្រសាទតាមាន់ធំ ១០រូប, ភ្នំទ្រព្យ ០១រូប, តាក្របី ៤រូប, អានសេះ ៣រូប, ប្រាសាទព្រះវិហារ ១រូប, តាថាវ ១រូបុំ ជប់គគី ១រូប, ជាំតែ ១រូប និងសមរភូមិផ្សេងៗជាប់ព្រំដែនកម្ពុជា-ថៃ ចំនួន ៣៦រូប។

បន្តាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល និងបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារយោធិន ព្រមទាំងសម្តែងនូវករគោរព និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន និងការលះបង់គ្រប់បែបយ៉ាងក្នងបេសកកម្មការពារជាតិ និងការពារបូរណភាពទឹកដី។

ឯកឧត្តមរដ្ឋមន្រ្ដី បានបន្តជម្រាបជូនអំពីស្ថានការជាក់ស្តែង ដែលកំពុងកើតមានឡើននាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តជឿជាក់លើប្រមុខដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន និងជាមគ្គុទេសឯកនៃសន្តិភាព និងជឿជាក់ព្រមទាំងគាំទ្រប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី លើការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធិ ដោយកម្ពុជាចង់បានសន្តិភាព កម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។

ជាមួយគ្នានេះ ឯកឧត្តមបានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពទាំងអស់ សូមកុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ និងត្រូវរួបរួមសាមគ្គីគ្នាពីសមរភូមិក្រោយ ដើម្បីគាំទ្រទៅដល់យុទ្ធជនរបសយើងនៅសមភូមិមុខ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្ដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំនួន ៧៣គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ និងថវិកា ១០ម៉ឺនរៀល និងសម្ភារៈរួមមានក្រម៉ា ១ ,សារ៉ុង១ ,សាប៊ូ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត៕⁩