ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្រុមការងារទទួលបបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ (RBC) កំពុងរៀបចំសម្រាប់កិច្ចប្រជុំជាមួយភាគីថៃ ដែលនឹងប្រព្រឹត្តទៅមិនដល់២សប្តាហ៍ទៀតនោះទេ ដើម្បីឱ្យស្របទៅតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រុមការងារទទួលបបន្ទុកគណៈកម្មាធិការព្រំដែនតំបន់ (RBC) កំពុងរៀបចំសម្រាប់កិច្ចប្រជុំជាមួយភាគីថៃ ដែលនឹងប្រព្រឹត្តទៅមិនដល់២សប្តាហ៍ខាងមុខទៀតនេះទេ។ ស្របតាមស្មារតី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលទីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជាសង្ឃឹមថា កិច្ចប្រជុំ RBC នេះ នឹងចូលរួមជាវិជ្ជមានថែមទៀត ដល់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងនាំមកនូវសន្តិភាព សន្តិសុខ ប្រក្រតីភាព នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា បញ្ហាព្រំដែនមិនអាចធ្វើការកែប្រែតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ហើយបញ្ហាព្រំដែនត្រូវតែដោះស្រាយតាមយន្តការបច្ចេកទេស និងយន្តការច្បាប់អន្តរជាតិ។ កម្ពុជា សូមប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ ដោយធ្វើការជាមួយភាគីថៃ ប្រទេសម៉ាឡេស៉ី សមាជិកអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
គួរជម្រាបថា បើយោងតាមកិច្ចព្រមព្រៀង១៣ចំណុច រវាងកម្ពុជា-ថៃ ក្រោយបញ្ចប់កិច្ចប្រជុំពិសេស GBC ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។ ភាគីកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ចំណែកភាគីថៃ ដឹកនាំដោយ រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានីត។
តាមកិច្ចព្រមព្រៀងដែលប្រកាសក្រោយកិច្ចប្រជុំពិសេស GBC បានឱ្យដឹងថា កម្ពុជា-ថៃ ព្រមព្រៀងគ្នាថែរក្សាការទំនាក់ទំនងទៀងទាត់រវាងទីតាំងកងទ័ពទាំងអស់ តំបន់យោធា និងអង្គភាពនៅតាមបណ្ដោយព្រំដែននៃភាគីទាំងសងខាង និងប្រឹងប្រែងដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសជម្លោះ។
បន្ថែមពីនេះ ភាគីទាំងពីរនឹងកោះប្រជុំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់ (RBC) ក្នុងរយៈពេល២សប្ដាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេស GBC នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ទីតាំងរៀបចំ កិច្ចប្រជុំនឹងត្រូវបានកំណត់ស្របទៅតាមការទទួលធ្វើជាម្ចាស់ផ្ទាស់ប្ដូរវេនជាទៀងទាត់។ ភាគីទាំងពីរ រក្សាបណ្ដាញទំនាក់ទំនងជាទៀងទាត់ និងដោយផ្ទាល់រវាងកម្រិតរដ្ឋមន្ត្រី និងមន្ត្រីយោធាជាន់ខ្ពស់។
ភាគីទាំងសងខាងក៏បានឯកភាពទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយគំនិតអវិជ្ជមានរបស់សាធារណៈជន និងពង្រឹងបរិយាកាសអំណោយផលដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សប្រកបដោយសន្តិភាពផងដែរ។
សូមបញ្ជាក់នេះ នេះជាកិច្ចព្រមព្រៀងទី២ហើយ បន្ទាប់ពីកម្ពុជា-ថៃ បានព្រមព្រៀងលើបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ បទឈប់បាញ់នេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពប្រទេសទាំងពីរ បានប្រយុទ្ធគ្នា នៅតាមបណ្តោយព្រំដែនរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៨ ខែកក្កដា ក្រោយពេលកងទ័ពថៃ ចូលឈ្លានពានទឹកដីកម្ពុជា៕