ឯកឧត្តមរដ្ឋលេខាធិការ ផូ ផារិទ្ធ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ និងការងារសាងសង់លូ នៅឃុំបុសខ្នុរ ស្រុកចំការលើ


ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារលើកកម្រិត គុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ ទទឹង ៧ ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម ផូ ផារិទ្ធ បានឱ្យដឹងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានាជាច្រើន ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។

ឯកឧត្តម ផូ ផារិទ្ធ បានបន្ថែមថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាពមក បណ្តាញផ្លូវនៅតាមជនបទ បានកើតឡើងជាហូរហែរពី តំបន់ដែលគ្មានផ្លូវ មកមានផ្លូវ, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវរបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពាជាតិ ដែលបាននិងកំពុងការស្ថាបនា និងសូមជំរុញឱ្យចប់ទៅតាមផែនការ ដោយលោកអះអាងថាផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងបានផ្តោតសំខាន់លើការអភិវឌ្ឍ និងជាតម្រូវការចាំចាច់ ដើម្បីជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ ជាពិសេសទំនាក់ទំនង់ក្នុង សេដ្ឋកិច្ច និងសង្គម និងការទទួលសេវាផ្សេងៗជាដើម៕