តាងនាមថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់ នៃ វេទិកាសន្តិភាពកម្ពុជា សូមគោរពអនុញ្ញាតសម្តែងនូវសេចក្តីសោមន្សរីករាយ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រ ព្រមជាមួយអំណរសាទរ គោរពជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តម បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ នៃខួបចម្រើនជន្មាយុ គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពស្ញប់ស្ញែងកោតសរសើរប្រកបដោយស្មោះអស់ពីដួងចិត្ត ចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត គឺជាវីរជនស្ត្រីដ៏ឆ្នើម ប្រកបដោយសីលធម៌ គុណធម៌ និងទេពកោសល្យដ៏ឧត្ដុង្គឧត្តម ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ និងបានលះបង់ពេលវេលាផ្ទាល់ខ្លួន គុណបំណាច់ដ៏ធំធេង ចំពោះ “ជាតិ សាសនា ព្រះមហាក្សត្រ” ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ជាប្រតិបត្តិករស្វែងរកសន្តិភាពមួយរូប មានសមត្ថភាពក្នុងការជួយអនុវត្តគោលនយោបាយ ឈ្នះ-ឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដី សុខសន្តិភាព ស្ថិរភាពសង្គម សេចក្តីសុខ សុវត្ថិភាព និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃ “សន្តិភាព” និងបានលើកកម្ពស់តម្លៃស្ត្រីខ្មែរ ទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានរួមចំណែកដ៏ធំធេងក្នុងវិស័យមនុស្សធម៌ ក៏ដូចជាបានធ្វើឱ្យប្រជាជនកម្ពុជាទាំងមូលរស់នៅប្រកបដោយសុភមង្គល និងការអភិវឌ្ឍ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃ វេទិកាសន្តិភាពកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រ សូមបានប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវគាវរកិច្ចដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត អំពីយើងខ្ញុំទាំងអស់គ្នា ៕