សម្ដេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូន ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតអបអរសាទរជូន ឯកឧត្តម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធានក្រុមប្រឹក្សាតំណាងតំបន់ (ព្រឹទ្ធសភា) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌូណេស៊ី។

តាមរយៈលិខិតរបស់សម្ដេច បានឱ្យដឹងដូច្នេះថា៖ ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំ សូមចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត និងសូមជូនពរ ឯកឧត្តម ក្រុមប្រឹក្សាតំណាងតំបន់ (ព្រឹទ្ធសភា) និងប្រជាជន ជាទីរាប់អាន នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសដ៏មាននក្ខត្តឫក្សខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ចាប់តាំងពីទទួលបានឯករាជ្យមក ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រដ្ឋាភិបាល និងស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួន ឥណ្ឌូណេស៊ីសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន លើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ស្របពេលដែលឥណ្ឌូណេស៊ី កំពុងដើរតួនាទីកាន់តែសំខាន់ខ្លាំងទាំងនៅក្នុងតំបន់ និង ពិភពលោក។

រយៈពេលជាង ៦៥ឆ្នាំមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងឥណ្ឌូណេស៊ី មានការរីកចម្រើនខ្លាំងក្លានៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើងលើ ពហុវិស័យ ដែលផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ។

ខ្ញុំ ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីររបស់យើងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរសភា ដែលជំរុញឱ្យ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជារួមរវាងកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែស៊ីជម្រៅថែមទៀត ដើម្បី ផលប្រយោជន៍ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងសកលលោក។

ជាថ្មីម្តងទៀត សូម ឯកឧត្តម ទទួលនូវសេចក្ដីរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមប្រសិទ្ធពរ ជូន ឯកឧត្តម សូមសមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យជាបន្តទៀតនៅក្នុងភារកិច្ចដ៏ ឧត្តុង្គឧត្តមរបស់ ឯកឧត្តម៕