ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតចំណង សម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកំពង់ធំ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព បង្កើតកិច្ចសហប្រតិបត្តិការជាមិត្តភាព ឱ្យកាន់តែជិតស្និទ្ធទៅវិញទៅមក។
ពិធីនេះ ធ្វើឡើងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន និងជាសាក្សីពីឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ធំ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ឯកឧត្តមបានបំពេញការងារ ជាអភិបាលរងរាជធានីភ្នំពេញចំនួន៧ឆ្នាំ។ លោកពិតជាអរគុណចំពោះការបណ្តុះបណ្តាសមត្ថភាពថ្នាក់ក្រោមជាតិ ពីឯកឧត្តម ឃួង ស្រេង រហូតលោកទទួលបានការជឿ ទុកចិត្តពីរាជរដ្ឋាភិបាល តែងតាំងជាអភិបាលខេត្តកំពង់ធំ ហើយនាពេលនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឱ្យចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះថែមទៀត។
ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ខេត្តកំពង់ធំជាខេត្តមួយ ពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជាងភ្នំពេញ ប្រមាណ២០ដង មានប្រជាជន ប្រមាណ៩០ម៉ឺននាក់ ដែលមានផ្ទៃដី សម្រាប់បង្កបង្កើនផល ចំនួន៣០ម៉ឺនហិកតា ក្នុងនោះស្វាយចន្ទី មានផ្ទៃដី១៥ម៉ឺនហិកតា ដីធ្វើស្រូវ៥ម៉ឺនហិកតា និងកៅស៊ូ ចំនួន១៥ហិកតា។ ការចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងផ្តល់ឱកាសឱ្យខេត្តកំពង់ធំរៀនសូត្រ បានកាន់តែច្រើន ក្នុងការអភិវឌ្ឍខេត្តកំពង់ធំ ឱ្យកាន់តែរីកចំរើនបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយខេត្តកំពង់ធំនេះ វានឹងជួយកសាងបរិយាកាសអំណោយផល និងជំរុញដល់ការអភិវឌ្ឍ និងវិបុលភាព លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខភាព ដឹកជញ្ជូនសាធារណៈ ការពារបរិស្ថាន ផែនការ អភិវឌ្ឍទីក្រុងវៃឆ្លាត ទេសចរណ៍ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ខេត្តកំពង់ធំជាខេត្តទី២ ដែលបានចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញ បន្ទាប់ពីខេត្តព្រះវិហារ។ ដោយសារខេត្តកំពង់ធំ នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ហើយជាខេត្តដែលពឹងផ្អែកលើកសិកម្ម ជា «ខេត្តអធិរាជស្វោយចន្ទី» ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិសេសទីចាត់ការវិនិយោគ ជួយកៀងគរអ្នកវិនិយោគឱ្យបានច្រើន ទៅវិនិយោគនៅខេត្តមួយនេះ។ យើងត្រូវស្វាគមន៍អ្នកវិនិយោគព្រមៗគ្នា ដើម្បីឱ្យប្រទេសកម្ពុជាយើង មានចំណូលកាន់តែច្រើន៕